ព័ត៌មានបច្ចេកវិទ្យា

កម្មវិធីផ្តាច់មុខរបស់ក្រុមហ៊ុន Apple ឥឡូវនេះ ផ្តល់ជូនឥតគិតថ្លៃទាំងស្រុង

Apple កំពុងបើកឲ្យទាញយកដោយស៊េរីនូវកម្មវិធីផ្តាច់មុខរបស់ខ្លួនផ្ទាល់ មានដូចជាកម្មវិធី GarageBand, iMovie និង iWork (Pages, Keynote និង Numbers) សម្រាប់អ្នកប្រើប្រាស់ទាំងប្រព័ន្ធប្រតិបត្តិ MacOS និង iOS ចាប់ពីថ្ងៃនេះទៅ។ គួររលឹកថា កាលពីចុងឆ្នាំ ២០១៣ ក្រុមហ៊ុននេះចាប់ផ្តើមផ្តល់ជូនកម្មវិធីទាំងនេះដោយឥតគិតថ្លៃ សម្រាប់តែអតិថិជនដែលបានជាវផលិតផល Apple Device (Mac ឬ iPhone/iPad) ដែលចេញលក់ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៣ ទៅប៉ុណ្ណោះ។

ចំពោះអតិថិជនដែលប្រើប្រាស់ផលិតផល Apple ជំនាន់មុនៗនេះ ចង់ទាញយកកម្មវិធី iMovie ឬ Garageband ត្រូវបង់លុយក្នុងតម្លៃ ៤.៩៩ ដុល្លារ និង iWork ត្រូវគិតថ្លៃ ៩.៩៩ ដុល្លារ/កម្មវិធី នេះបើយោងតាមសារព័ត៌មាន 9to5mac។ រីឯអតិថិជនដែលប្រើប្រាស់ប្រព័ន្ធ MacOS ហាក់ដូចជាមានតម្លៃថ្លៃជាងនេះ សម្រាប់ iMovie គឺមានតម្លៃ ១៤.៩៩ ដុល្លារ និង iWork មានតម្លៃ ១៩.៩៩/កម្មវិធី។

គួរបញ្ជាក់ថា ឥឡូវនេះអ្នកប្រើប្រាស់ទាំងអស់នឹងមិនត្រូវការចំណាយលុយទៅទិញយកកម្មវិធីទាំងនេះទៀតនោះឡើយ៕

ប្រភពព័ត៌មាន៖ theverge.com

មតិយោបល់