ព័ត៌មានបច្ចេកវិទ្យា

ឆាប់ៗនេះ មានលុយតិចក៏អាចប្រើ Samsung កាមេរ៉ាភ្លោះបានដែរ

កាលពីសប្តាហ៍មុន Samsung បានបញ្ចេញស្មាតហ្វូនកាមេរ៉ាភ្លោះលើកដំបូងរបស់ខ្លួន ដែលនោះគឺ Galaxy Note 8។ ប៉ុន្តែ តម្លៃវាមិនថោកនោះទេ ដោយសារតែជាកំពូលស្មាតហ្វូន ដែលភ្ជាប់មកជាមួយលក្ខណ:សម្បត្តិសុទ្ធតែខ្ពស់កប់ ទាល់តែមានលុយក្រាស់ទើបអាចទិញយកមកប្រើបាន។

ទោះយ៉ាងនេះក្តី របាយការណ៍ថ្មីមួយចុះផ្សាយដោយ Etnews លើកឡើងថា ក្រុមហ៊ុន Samsung ក៏គ្រោងនឹងយកកាមេរ៉ាភ្លោះទៅបំពាក់ឱ្យស្មាតហ្វូនថ្នាក់កណ្តាលខ្លួនផងដែរ នាពេលឆាប់ៗខាងមុខ។

របាយការណ៍ដដែលបន្ថែមថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ចេញស្មាតហ្វូនតម្លៃមធ្យមដែលបំពាក់កាមេរ៉ាក្រោយភ្លោះនៅត្រីមាសទី ៤ ក្នុងឆ្នាំនេះ ហើយវាប្រហែលជា Galaxy J7 Plus ដែលបានបែកធ្លាយរូបរាងកាលពីសប្តាហ៍មុន។

យោងតាមព័ត៌មានចចាមអារ៉ាមលេចធ្លាយចេញពីប្រទេសថៃ Galaxy J7 Plus នោះ នឹងបំពាក់កាមេរ៉ាក្រោយមួយគូ ដោយម្ខាងទំហំ ១៣ MP មាន Aperture ទំហំ f/1.7 និងម្ខាងទៀតទំហំ ៥ MP មាន Aperture ទំហំ f/1.9 ហើយវាអាចនឹងភ្ជាប់មកជាមួយមុខងារ Live Focus ដែលធ្វើឱ្យភ្នែកកាមេរ៉ាទាំងពីរ អាចផ្តិតយករូបភាពនៃវត្ថុឱ្យមើលទៅផុសដាច់ចេញពីផ្ទៃខាងក្រោយរបស់វា ដូចជា Galaxy Note 8 អីចឹងដែរ ប៉ុន្តែ គ្មានបច្ចេកវិទ្យាទប់លំនឹង OIS នោះទេ។

បន្ថែមពីលើនោះ ប្រភពផ្សេងទៀតបានរាយការណ៍ថា Galaxy J7 Plus នឹងមានអេក្រង់ទំហំ ៥.៥ អីុញ CPU ជំនាន់ Octa-core ល្បឿន ២.៤ GHz ប្រើ RAM ទំហំ ៤ GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ ៣២ GB (អាចបន្ថែមមេម៉ូរីខាងក្រៅបានទំហំ ២៥៦ GB) ហើយវានឹងដើរលើប្រព័ន្ធ Android 7.1.1 Nougat និងមានជំនួយការសំឡេងឌីជីថល Bixby មកពីនាយតែម្តង។

ដោយឡែក សម្រាប់តម្លៃស្មាតហ្វូនម៉ូឌែលនេះ គេមិនទាន់ដឹងថាប៉ុន្មាននៅឡើយទេ៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់