នេះគឺជារបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកវិទ្យាសាស្រ្តមួយក្រុមមកពីសកលវិទ្យាល័យវ៉ាស៊ីនតោន បានទទួលជោគជ័យក្នុងការបង្កើតចេញនូវគំរូទូរសព្ទចល័តដែលមិនតម្រូវឱ្យមានការសាកបញ្ចូលថ្មអ្វីទាំងអស់ ដើម្បីអាចដំណើរការបាននោះ។

ទូរសព្ទគំរូដ៏អស្ចារ្យនេះ ប្រើប្រាស់ថាមពលភ្លើងត្រឹមតែ ៣.៥ មីក្រូវ៉ាត់ ជាមួយការដាក់បញ្ចូលនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មី អាចដកចេញនូវវត្តមានរបស់ថ្មទូរសព្ទបាន។ ជំនួសមកវិញ គឺវាប្រើប្រាស់ថាមពលពន្លឺ និងរលកសញ្ញាវិទ្យុ បញ្ចូនចូលក្នុងបន្ទះសូឡែរមានទំហំប៉ុនគ្រាប់អង្ករ ដើម្បីផ្ទេរសញ្ញាទៅកាន់អង់តែនទូរសព្ទចម្ងាយប្រហែល ១៥ ម៉ែត្រពីវា។
ទូរសព្ទគំរូដដែលនេះ បំពាក់នូវប៊ូតុងប៉ះបញ្ជា បន្ទះឈីប និងសមាធាតុផ្សំមួយចំនួនទៀត ដែលសុទ្ធតែជាវត្ថុធាតុដើមសាមញ្ញាៗ និងមានតម្លៃថោក។ គួរឱ្យភ្ញាក់ផ្អើលជាងនេះ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ អាចបង្កើតអង់តែនទូរសព្ទដោយខ្លួនឯងដើម្បីបញ្ចូនរលកសញ្ញាសំឡេង ជាមួយកម្រិតថាមពលដ៏តិចតួចមួយ។
តាមរយៈការសាកល្បង ពួកគេអាចធ្វើការហៅទូរសព្ទចេញ និងចូលតាមកម្មវិធី Skype និងចុចឱ្យដៃគូសន្ទនារងចាំ។ ប៉ុន្តែ ពួកគេចង់ធ្វើឱ្យគំរូទូរសព្ទមិនចាំបាច់សាកថ្មនេះ មានមុខងារកាន់តែប្រសើរជាងនេះ តាមរយៈការបន្ថែមអេក្រង់ប្រភេទ e-ink ជាមួយសមត្ថភាពបញ្ចូនវីដេអូចេញ និងបង្រួញ ដើម្បីធ្វើឱ្យការហៅទូរសព្ទកាន់តែមានសុវត្ថិភាព៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់