ព័ត៌មានបច្ចេកវិទ្យា

Samsung កំពុងអភិវឌ្ឍអេក្រង់ទូរសព្ទខ្នាត 4k មានកម្រិតភាពច្បាស់កប់ដល់ 800ppi

ក្រុមហ៊ុន Samsung Display ដែលជាអ្នកទទួលរ៉ាប់រងផលិតបន្ទះអេក្រង់ OLED សម្រាប់បំពាក់លើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung Electronics កំពុងធ្វើការអភិវឌ្ឍអេក្រង់ OLED ជំនាន់ទី ៧ ជាច្រើនប្រភេទ រាប់បញ្ចូលទាំងអេក្រង់ខ្នាត 4k ដែលមានកម្រិតភាពច្បាស់រហូតដល់ 800ppi (ភិចសែល/អីុញ)។ នេះបើយោងតាមកំពូលអ្នកវិភាគម្នាក់លើកឡើងនៅថ្ងៃទី ១៩ មេសា។

លោក Yi Choong-hoon នាយកប្រតិបត្តិក្រុមហ៊ុនស្រាវជ្រាវអេក្រង់ក្នុងស្រុកឈ្មោះ UBI Research បានថ្លែងឱ្យដឹងក្នុងរបាយការណ៍ថ្មីមួយថា ការអភិវឌ្ឍសមត្ថភាពអេក្រង់ឡើងជំនាន់ថ្មី និងឈានដល់កម្រិតគុណភាពខ្ពស់បែបនេះ គឺដោយសារក្រុមហ៊ុនមើលឃើញថា គូប្រជែងតូចៗរបស់ខ្លួន នឹងអាចតាមទាន់បច្ចេកវិទ្យាអេក្រង់ OLED ជំនាន់ទី ៦ របស់ខ្លួន នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ម្លោះហើយ ក្រុមហ៊ុនត្រូវតែរក្សាគម្លាតឱ្យឆ្ងាយពីគូប្រជែងទាំងនោះ តាមរយៈការពង្រីក និងបង្កើនកម្រិតគុណភាព និងសមត្ថភាពនៃបច្ចេកវិទ្យាអេក្រង់របស់ខ្លួន។

អ្នកឯកទេសខាងវិភាគដដែលបានបន្ថែមថា ចង្វាក់ផលិតកម្មអេក្រង់ OLED ជំនាន់បន្ទាប់នោះ អាចនឹងចាប់ផ្តើមដំណើរការផលិតនៅត្រីមាសទីពីរនៃឆ្នាំ ២០១៨ នៅក្នុងរោងចក្រ A4 ថ្មីរបស់ Samsung ហើយវាប្រហែលជាគ្មានបញ្ហារាំងស្ទះអ្វីធំដំនោះទេ ខណៈ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានជោគជ័យរួចទៅហើយ លើខ្សែចង្វាក់ផលិតកម្មអេក្រង់ OLED ជំនាន់ទី ៨ សម្រាប់ទូរទស្សន៍។

ក្រុមហ៊ុន Samsung Display បានបន្តការស្រាវជ្រាវអេក្រង់ OLED ប្រភេទផ្សេងៗ រាប់បញ្ចូលទាំងប្រភេទអាចពុតចុះឡើងបាន ប្រភេទដែលអាចច្របាច់បញ្ចូលបន្ទះឈីបក្នុងស្រទាប់ផ្លាស្ទិក និងប្រភេទដែលមានកម្រិតភាពច្បាស់រហូតដល់ ៨០១ ភិចសែល/អីុញ។ ប្រសិនបើចង្វាក់ផលិតកម្មបន្ទះអេក្រង់ OLED ជំនាន់ទី ៧ ទាំងនេះកើតមានឡើងមែននោះ ក្រុមហ៊ុននឹងអាចបន្តរក្សាឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួននៅលើទីផ្សារសម្រាប់ច្រើនឆ្នាំទៅមុខទៀតជាមិនខាន៕

ប្រភពព័ត៌មានៈ theinvestor

 

មតិយោបល់