អាមេរិកៈ ថ្លែងទៅកាន់ភ្នាក់ងារ CBS ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរៀបរាប់ថា លោក គឹម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងដ៏ឆ្លាតវៃមួយរូប ដែលបានទ្បើងកាន់កាប់អំណាច ទាំងខ្លួននៅវ័យក្មេង បើទោះបីត្រូវប្រឈមផលវិបាក ក្នុងការដឹកនាំប្រទេសជាច្រើន អំទ្បុងពេលទ្បើងកាន់អំណាច ជាមួយមនុស្សខ្លាំងជុំវិញខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។
ចំពេលមានភាពតានតឹងខ្លាំងឡើង អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងលោក ត្រាំបាននិយាយថា ខ្លួនក៏មិនទាន់ដឹងដែរថា លោក គីម មានចេតនាយ៉ាងណានោះទេ?
កន្លងមកមេដឹកនាំកូរ៉េខាងជើង ធ្លាប់បានប្រហារជីវិតពូរបស់ខ្លួន កាលពីពីរឆ្នាំមុន បន្ទាប់ពីលោកបានឡើងកាន់អំណាច ហើយនៅពេលថ្មីៗនេះ លោកត្រូវបានគេសង្ស័យថា បានបញ្ជាឲ្យសម្លាប់លោក គីម ជុងណាម ត្រូវជាបងប្រុសម្តាយទីទៃខ្លួនផងដែរ។
ទាំងនេះហើយ ដែលជាហេតុផលនាំឲ្យប្រធានាធិបតីលោក ត្រាំ ចោទសួរទៅមេដឹកនាំកូរ៉េខាងជើងឲ្យឆ្លើយ។
លោក ត្រាំ បានលើកទ្បើងថា «មនុស្សជាច្រើន និយាយថា តើលោក គីម មានចេតនាយ៉ាងណា ជុំវិញភាពតានតឹងនៅលើឧបទ្វីបកូរ៉េ? ខ្ញុំ (ត្រាំ) ក៏មិនទាន់ដឹងដែរ… ប៉ុន្តែអ្វីដែលមើលឃើញនោះ គាត់ជាមេដឹកនាំវ័យក្មេងម្នាក់ ដែលមានអាយុទើបតែ ២៦ ឬ ២៧ ឆ្នាំប៉ុណ្ណោះ ដែលបានទ្បើងកាន់កាប់អំណាច នៅពេលដែលឪពុករបស់គាត់បានស្លាប់។ អ្វីដែលពិសេសនោះ គឺគាត់អាចដោះស្រាយឧបសគ្គដ៏លំបាកជាច្រើន ក្នុងអំទ្បុងពេលដឹកនាំប្រទេស ទាំងខ្លួននៅវ័យក្មេង ដែលត្រូវប្រឈមមុខនឹងមន្ត្រីមានអំណាច និងខ្លាំងៗជាច្រើន ក្នុងប្រទេស ទម្រាំបានការស្រុះស្រួលគ្នា ដឹកនាំប្រទេសរហូតមកទល់បច្ចុប្បន្ននេះ»៕
មតិយោបល់