ព័ត៌មានបច្ចេកវិទ្យា

Microsoft ប្រកាសចេញ Surface ថ្មីមួយម៉ូឌែលនេះ ប្រណិតកប់ ឯថាមពលថ្មម៉ាអែម!

ក្រុមហ៊ុន Microsoft ទើបបានប្រកាសចេញកុំព្យូទ័រយួរដៃត្រកូល Surface ស៊េរីថ្មី រចនាឡើងយ៉ាងល្អប្រណិត និងពាំនាំមកជាមួយលក្ខណ:សម្បត្តិគួរឱ្យទាក់ទាញយ៉ាងច្រើន ជាពិសេស លើថាមពលថ្មតែម្តង ដែលវាត្រូវគេអះអាងថា អាចកាន់បានរហូត ១៤ ម៉ោង និង ៥០ នាទីឯណោះ។

កុំព្យូទ័រយួរដៃដ៏ទំនើបចេញថ្មីនេះ ត្រូវបានផលិតឡើងសម្រាប់អ្នកដែលមិនចូលចិត្ត ប្រើកុំព្យូទ័រពពួក Tablet ដែលមានក្តារចុចអាចដោះចេញចូល តែចង់បានកុំព្យូទ័រយួរដៃណាដែលមានថាមពលខ្លាំង អាចបត់គ្របជាមួយក្តារចុច ស្តើង ហើយប្រណិត ងាយស្រួលយកទុកដាក់តាមខ្លួន។

Microsoft Surface Laptop ត្រូវបានបំពាក់អេក្រង់ប្រភេទប៉ះបញ្ជាឈ្មោះ PixelSense ទំហំ ១៣.៥ អីុញ និងក្តារចុចក្រាលដោយសារធាតុក្រណាត់កាម៉ាញ៉ៃម្យ៉ាងឈ្មោះ Alcantara ដែលក្រុមហ៊ុន Microsoft ប្រើនៅលើក្តារចុចរបស់ Surface Pro 4 ហើយវាមានកម្រាស់ត្រឹមតែ ១.៥ មីល្លីម៉ែត្រ ប៉ុណ្ណោះ។

កុំព្យូទ័រដ៏ស្តើង និងមានទម្ងន់ត្រឹមតែ ១.២៥ គីឡូក្រាមនេះ ប្រើប្រាស់អង្គប្រតិបត្តិ Core-i5-i7 ជំនាន់ទី ៧ របស់ក្រុមហ៊ុន Intel និងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំរហូតដល់ ១ តេរ៉ាបៃយ៍ (TB)។

យោងតាមនាយករងផ្នែកផលិតផលរបស់ក្រុមហ៊ុន Microsoft លោក Panos Panay បាននិយាយថា កុំព្យូទ័រយួរដៃត្រកូល Surface ដំបូងនេះ មានល្បឿនដំណើរការលឿនជាង MacBook Air និង MacBook Pro រហូតដល់ ៥០% ហើយថាមពលថ្មក៏កាន់បានយូរជាងកុំព្យូទ័ររបស់គូប្រជែងទាំងពីរម៉ូឌែលផងដែរ ខណ:ដែល ថ្មរបស់ MacBook Air កាន់បាន ១៣ ម៉ោង ឯថ្មរបស់ MacBook Pro កាន់បាន ១០ ម៉ោង។

ចំណែករន្ធដោតវិញ គឺវាមានរន្ធ USB 3.0 មួយ រន្ធ Mini DisplayPort មួយ និងរន្ធដោតកាសមួយ រចនានៅចំហៀងខាងឆ្វេង ហើយនៅចំហៀងខាងស្តាំ គឺមានរន្ធសាកថ្មមួយ។

Microsoft Surface ម៉ូឌែលថ្មីនេះ នឹងដាក់លក់ក្នុងតម្លៃចាប់ពី ៩៩៩ ដុល្លារ ឡើង ហើយវានឹងបើកឱ្យបញ្ជាទិញកក់ទុកមុនចាប់ពីថ្ងៃទី ១៥ មិថុនា៕

ប្រភពព័ត៌មាន: mashable, techradar 

មតិយោបល់