Facebook Stories គឺជាមុខងារធំបំផុតមួយដែលក្រុមហ៊ុន Facebook ទើបដាក់ចេញឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ហើយរហូតមកទល់ពេលបច្ចុប្បន្ន គឺវាទើបមានអាយុកាលប្រហែល ១ ខែប៉ុណ្ណោះ។ ដោយឡែក សម្រាប់បណ្តាញសង្គម SnapcChat វិញ មុខងារស្រដៀងគ្នានេះ គឺត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាយូរមកហើយ។
ចំពោះមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម Facebook ថតរូបភាព-វីដេអូ ដើម្បីរក្សាទុកជារឿងរ៉ាវផ្ទាល់ខ្លួនផ្សេងៗ និងអាចចែកបន្តទៅកាន់មិត្តភក្តិក្នុងបណ្តាញសង្គមតែមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ពុំមាននរណាម្នាក់ប្រើទាល់តែសោះ ខណៈវាបង្ហាញឡើងឱ្យឃើញគ្រប់ពេលដែលអ្នកប្រើប្រាស់បើកចូលទៅកម្មវិធី។
ម្យ៉ាងទៀត តាមធម្មតា Facebook តែងធ្វើការសាកល្បងមុខងារថ្មីៗរបស់ខ្លួនជាមុនសិន មុននឹងដាក់ចេញឱ្យអ្នកប្រើប្រាស់ជាសកល។ កត្តាទាំងនេះ កំពុងធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថា ម៉េចក៏វាមិនមានអ្នកប្រើប្រាស់ទាល់តែសោះអីចឹង? ឬមួយនោះជាចេតនារបស់ក្រុមហ៊ុន ចង់ជាន់ពន្លិចប្រជាប្រិយភាពមុខងារ Stories ក្នុងបណ្តាញសង្គម SnapChat? ប្រហែលហើយ! ប៉ុន្តែ វាមិនមែនជារូបភាពល្អសម្រាប់បណ្តាញសង្គមយក្សនេះទេ។
បើគិតតាមផ្លូវមួយផ្សេងទៀតវិញ គឺប្រហែលជា Facebook ចង់បង្កើតកម្មវិធីដាច់ដោយឡែកមួយសម្រាប់វាហើយ ព្រោះកន្លងមក នៅពេលដែលក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធីរបស់ខ្លួន ដំបូងក្រុមហ៊ុនចេញជាមុខងារធំមួយសិន ហើយនៅពេលដែលចុចលើវា គឺគេពុំឃើញមាននរណាប្រើនោះទេ។ ជាក់ស្តែង គឺកម្មវិធី Messenger តែម្តង៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់