ព័ត៌មានបច្ចេកវិទ្យា

Zuckerberg ស្ទើរស្រក់ទឹកភ្នែកចំពោះមុខការប្រើ Facebook ផ្សាយផ្ទាល់អំពើអត្តឃាត និងឃាតកម្ម

ក្រោយពីកើតមានករណីអត្តឃាត និងឃាតកម្មត្រូវបានថតបង្ហោះផ្សាយផ្ទាល់លើបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់រួចមក លោក Mark Zuckerberg ប្រធានក្រុមហ៊ុន​ Facebook បានប្រកាសថា ខ្លួននឹងជួលបុគ្គលិកចំនួន ៣០០០ នាក់បន្ថែម ដើម្បីត្រួតពិនិត្យតាមដានរាល់មាតិកាវីដេអូហិង្សាផ្ទុយពីលក្ខន្តិកៈដែលបានដាក់ចេញ។

នៅក្នុងសារមួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នាយប់ម្សិលមិញ លោក Mark បានថ្លែងឱ្យដឹងថា បណ្តាញសង្គម Facebook បង្កើតឡើងដើម្បីជួយកសាងសហគមន៍ឱ្យកាន់តែមានភាពល្អប្រសើរ ប៉ុន្តែ នារយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ វាត្រូវបានអ្នកប្រើប្រាស់ដាក់បង្ហោះផ្សាយរូបភាពហិង្សា បង្កការឈឺចាប់លើខ្លួនរបស់ពួកគេ និងអ្នកដទៃ មិនថាតាមវីដេអូផ្សាយផ្ទាល់ ឬផ្សាយឡើងវិញនោះទេ។

លោក Mark បាននិយាយថា «វាកំពុងធ្វើឱ្យបេះដូងខ្ញុំខ្ទេចខ្ទាំ ខណៈខ្ញុំកំពុងធ្វើការឆ្លុះបញ្ចាំងមធ្យោបាយជួយកសាង​សហ​គមន៍របស់យើងឱ្យកាន់តែប្រសើរ»។ លោកបន្ថែមថា «ដើម្បីកសាងសហគមន៍មួយមានសុវត្ថិភាព យើងត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហាទាំងនោះ»។

តាមរយៈសារដដែល មហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោករូបនេះ បានលើកឡើង​ថា លោកនឹងបន្ថែមបុគ្គលិកចំនួន ៣០០០ នាក់ពីលើបុគ្គលិកចំនួន ៤៥០០ នាក់ ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅឆ្នាំក្រោយ ដើម្បីជំរុញដំណើរការត្រួតពិនិត្យ​របាយការណ៍រាប់លាន ដែលទទួលបានជារៀងរាល់សប្តាហ៍ អាចប្រព្រឹត្តទៅបានកាន់​តែឆាប់រហ័ស និងមានប្រសិទ្ធភាព។ ពួកគេមិនត្រឹមតែទប់ស្កាត់ការបង្ហោះផ្សាយវីដេអូហិង្សាបង្ហោះផ្សាយលើ Facebook ប់ុណ្ណោះទេ ប៉ុន្តែក៏អាចជួយ​លុប​ចោលនូវពាក្យសម្តីដែលមានចរឹតបង្កឱ្យមានការស្អប់ និងបំពាបំពានលើ​កុមារ​ផងដែរ។

បន្ថែមពីលើនេះ លោក Mark Zuckerberg ក៏បានប្រកាសថា «យើងក៏កំពុងបង្កើតឧបករណ៍ថ្មីៗដែលអាចនឹងជួយធ្វើឱ្យសហគមន៍របស់យើងកាន់តែមានសុវត្ថិភាពផងដែរ»៕

ប្រភពព័ត៌មានៈ facebook

មតិយោបល់