ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន​ Microsoft នឹងផលិតចេញទូរសព្ទ មើលមិនដូចទូរសព្ទបច្ចុប្បន្ន!

ក្រោយពីស្ងប់ស្ងាត់ការផលិតចេញស្មាតហ្វូនត្រកូល Lumia អស់រយ:កាលយ៉ាងយូរមក នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានប្រកាសថា នឹងបន្តចេញទូរសព្ទបន្ថែមទៀត ប៉ុន្តែ ទូរសព្ទជំនាន់បន្ទាប់ទាំងនោះ នឹងមើលទៅមិនដូចទូរសព្ទដែលគ្រប់គ្នាស្គាល់​សព្វថ្ងៃនោះទេ។

ថ្លែងប្រាប់គេហទំព័រ MarketPlace លោក Satya Nadella បានឱ្យដឹងថា «យើង​​នៅតែប្តេជ្ញាបន្តផលិតចេញនូវទូរសព្ទដៃចល័តបន្ថែមទៀតនៅឡើយ ហើយយើងកំពុងសំឡឹងរកផ្លូវដើរមួយដែលស្រដៀងទៅនឹងផលិតផលត្រកូល Surface ដ៏ជោគជ័យ ដើម្បីកែច្នៃគ្រួសារស្មាតហ្វូនរបស់យើងឡើងវិញ»។

ប្រធានក្រុមហ៊ុន Microsoft រូបនេះ ថា៖ «យើងនឹងផលិតទូរសព្ទបន្ថែមទៀតយ៉ាងពិតប្រាកដ ប៉ុន្តែ ពួកវានឹងមើលទៅមិនដូចទូរសព្ទដែលមានវត្តមាននាពេលបច្ចុប្បន្ននោះទេ»។

លោកគូសបញ្ចាក់បន្ថែមថា «Windows Phone មិនទាន់បរាជ័យទាំងស្រុងនោះទេ ប៉ុន្តែ វានឹងមិនជោគជ័យឡើយ បើយើងរកមិនឃើញគោលគំនិតថ្មីក្នុងការផលិតវានោះ»។

យោងតាមគេហទំព័រ znet លោក Nadella បានបង្ហើបឱ្យដឹងថា «ក្រុមហ៊ុន Microsoft នឹងផលិតចេញទូរសព្ទដែលមានការកែទម្រង់យ៉ាងខ្លាំង ហើយវានឹងមានលក្ខណ:ខុសដាច់ពីគេ…»។

ទោះយ៉ាងណា​ លោកមិនបានប្រាប់ថា វានឹងមានទម្រង់បែបណានោះទេ តែប្រសិនបើមានព័ត៌មានបន្ថែមទាក់ទងទៅនឹងគម្រោងផលិតស្មានហ្វូនរបស់ក្រុមហ៊ុនយក្សអាមេរិកនេះ Post Tech នឹងពាំនាំមកជូនប្រិយមិត្តឱ្យបានជ្រាបជាបន្ត៕

ប្រភពព័ត៌មាន: mashable, zdnet 

មតិយោបល់