ព័ត៌មានបច្ចេកវិទ្យា

វិធីបំប្លែង Facebook Profile ទៅជា Facebook Page សម្រាប់អាជីវកម្ម

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ការបង្កើត Facebook Profile គឺធ្វើឡើងក្នុងន័យសម្រាប់តែការប្រើ ជាលក្ខណៈបុគ្គល និងអាចទទួលចំនួន Friend ច្រើន​បំផុតបានត្រឹមតែ ៥០០០ នាក់ប៉ុណ្ណោះ។ ខុសពី Facebook Page ដែលត្រូវបានផ្តល់មុខងារយ៉ាងសម្បូរបែប និងចំនួន Like ឥតកំណត់សម្រាប់អង្កការ ស្ថា​​​ប័ន ឬអ្នកដែលចង់ប្រើវាសម្រាប់ការរកស៊ី ឬប្រកបអាជីវកម្មផ្សេងៗ។

ទោះយ៉ាងណា ក៏មានដែរអ្នកប្រើប្រាស់មួយចំនួនដែលប្រើ Profile របស់ខ្លួនដើម្បីផ្សាយផ្សាយ ឬឃោសនាពីផលិត​ផល ឬសេវាកម្មរបស់ផងខ្លួន។ ប្រសិនលោកអ្នក​ឋិតក្នុងចំណោមពួកគេ ឬទើបចង់បង្កើតអាជីវកម្មតាមបណ្តាញសង្គមមួយនេះ លោកអ្នកគួរតែបំប្លែងវាឱ្យទៅជា Page ទៅ ដើម្បីងាយក្នុងការផ្សព្វផ្សាយ និងម្យ៉ាងដើម្បីអាចទទួលចំនួនអ្នក Like ឥតកំណត់។

ខាងក្រោមនេះ គឺជាវិធីក្នុងការបំប្លែង Facebook Profile ទៅជា Facebook Page សម្រាប់អាជីវកម្ម ដោយលោកអ្នកត្រូវអនុវត្តតាមជំហានៗ៖

– ទាញយកទិន្នន័យក្នុង Profile ទៅរក្សាទុក

បន្ទាប់ពីបំប្លែង Profile ទៅជា Page អ្វីដែលអាចយកទៅជាមួយបាន គឺមានតែរូប Profile រូប Cover និងចំនួន Friend ចុច Like របស់លោកអ្នកប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកត្រូវការព័ត៌មានណាមួយសម្រាប់ដាក់លើ Page ថ្មីចេញពីគណនី Facebook របស់ខ្លួន អ្នកត្រូវធ្វើការ Backup ទិន្នន័យទាំងនោះទុកដោយ:

  • នៅលើទំព័រ Facebook របស់លោកអ្នក សូមចុចចូលទៅកាន់មឺនុយកម្មវិធី រួចជ្រើសរើស Account Settings
  • បន្ទាប់មក ចុចលើ General រួចលើ Download a copy រួចចុចលើ Start My Archive។

– ប្តូរឈ្មោះ និងអាសយដ្ឋាន Profile ឱ្សស៊ីនឹង Page អាជីវកម្ម

លោកអ្នកត្រូវប្តូរឈ្មោះ និងអាសយដ្ឋាន Profile ឱ្យសាកសមទៅនឹង Page សម្រាប់អាជីវកម្មរបស់លោកអ្នកជាមុនសិន ព្រោះឈ្មោះនេះ គឺដូចគ្នាបន្ទាប់ពីបំប្លែងរួច ហើយវាមិនអាចប្តូរបានទេ ប្រសិនបើលោកអ្នកមាន Friend ចាប់ពី ២០០ នាក់ឡើង។ ដើម្បីធ្វើដូចនេះបានសូមលោកអ្នកចូលទៅកាន់ៈ

  • Account Settings ក្នុងទំព័រ Facebook របស់ខ្លួន រួចចុចលើ General
  • បន្ទាប់មក ចុចលើ Name រួចជ្រើសយក Edit ហើយវាយបញ្ចូលឈ្មោះថ្មី រួចចុចលើប៊ូតុង Save
  • បន្ទាប់មកទៀត សូមចុចលើ Username រួចវាយឈ្មោះអាសយដ្ឋានថ្មីរបស់អ្នកក្នុងប្រអប់ Username ហើយចុចលើប៊ូតុង Save Change។

– បំប្លែង Facebook Profile ទៅជា Facebook Page សម្រាប់​អាជីវកម្ម

ប្រសិនបើលោកអ្នកកំពុងគ្រប់គ្រង Group និង Page ដទៃ តាមរយៈគណនី Facebook របស់ខ្លួននេះ សូមកុំភ្លេចផ្ទេរសិទ្ធិជា Admin ទៅឱ្យគណនីថ្មីឱ្យសោះ មុនពេលបំប្លែងវាទៅជា Page។ ព្រោះលោកអ្នកប្រហែលជានឹងលុប Profile របស់អ្នកចោល បន្ទាប់ពីធ្វើការបំប្លែងវាទៅជា Page អាជីវកម្មរួច។

ដើម្បីបំប្លែង Profile ទៅជា Page លោកអ្នកគ្រាន់តែចុចលើតំណភ្ជាប់នេះ Profile to Page រួចជ្រើសរើសប្រភេទមុខរបរ ឬអាជីវកម្មណាមួយ។ បន្ទាប់មក វាយបញ្ចូលលេខកូដសម្ងាត់ រួចចុចលើ Confirm ជាការស្រេច។

បញ្ជាក់ៈ បន្ទាប់ពីបំប្លែងរួច គ្រប់យ៉ាងនៅលើគណនី Profile របស់លោកអ្នកនឹងរក្សានៅដដែល ពោល ពុំមានអ្វីបាត់បង់នោះទេ៕

មតិយោបល់