ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនយុវជនជើងខ្លាំងដែលវាយនិងដុតម៉ូតូឌុកក្រោយពេលរត់ការមិនបានសម្រេច

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក វេង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលើឈ្មោះ មុត រដ្ឋា ហៅ ប៉ិន រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរគួកជេរឡាន ជាបណ្ដោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ PJ។

យោងតាមប្រភពជនជាប់ចោទឈ្មោះ ឈ្មោះ មុត រដ្ឋា ហៅ ប៉ិន រដ្ឋា ត្រូវបានលោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ ប៉ុនប៉ងមនុស្សឃាត និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យោងតាមមាត្រា ១៩៩ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធករណីនេះលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាន បញ្ជាក់ថា ជនជាប់ចោទឈ្មោះ មុត រដ្ឋា ហៅ ប៉ិន រដ្ឋា គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងទឹកដីភូមិត្រពាំងថ្លឹង និងធ្លាប់បានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនម្តងរួចមកហើយ ប៉ុន្តែមិនបានប៉ុន្មានស្រាប់តែលេចមុខជនជាប់ចោទទៅប្រព្រឹត្តបទល្មើសដេញវាយជនរងគ្រោះ និងយកម៉ូតូដុតចោលទៀត។

អធិការរូបនេះ សង្ឃឹមថា តុលាការនឹងចាត់វិធានការផ្លូវច្បាប់លើជននេះឲ្យបានតឹងរឹង ខណៈដែលជនជាប់ចោទនេះ ហ៊ានអះអាងមុខសមត្ថកិច្ចពេលចាប់ខ្លួនថា គេជាប់គុកមិនយូរទេ ព្រោះគេមានលុយ ឲ្យតែលុយទៅរួចវិញហើយ។ ជាងនេះទៅទៀតជនជាប់ចោទ និយាយថា គេហ៊ានយកលុយទៅឲ្យសមត្ថកិច្ចរាប់ពាន់ដុល្លារ ឲ្យតែកុំចាប់គេដាក់គុក ដែលសម្តីបែបនេះហាក់ជាការប្រមាថដល់ស្ថាប័នអនុវត្តច្បាប់បំផុតដែលមិនអាចទទួលយកបានទេ។

គួររំលឹកថា ជនជាប់ចោទ ខាងលើត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រោយពីជនសង្ស័យ និងបក្ខពួកបានបើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ មិនមានស្លាកលេខ រួមជាមួយម៉ូតូ២ ទៅ៣គ្រឿងទៀត តាមបុកជនរងគ្រោះឈ្មោះ យ៉ាល់ យ៉ារ៉ា (ហៅខួច) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានលើកម៉ូតូ ម៉ាក់ DUKE របស់ជនរងគ្រោះ ដាក់លើរថយន្ត យកទៅដុតចោលនៅចំណុចក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

មតិយោបល់