វិស្វករ Network វ័យក្មេងម្នាក់ គឺលោក ទាវ សុវណ្ណតារា នឹងធ្វើការចែករំលែកវិធីសាស្រ្តក្នុងការទាញយកល្បឿននៃការប្រើប្រាស់អីុនធើណែតពីប្រព័ន្ធ ឬខ្សែបណ្តាញខុសគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត នៅថ្ងៃទី ២០ ឧសភា ខាងមុខ ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។
ទាក់ទងទៅនឹងប្រធានខាងលើ អ្នកឯកទេសខាងប្រព័ន្ធបណ្តាញដែលមានបទពិសោធន៍ជាង ១០ ឆ្នាំនេះ នឹងលើកយកវិធីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ទិន្នន័យឆ្លងកាត់ខ្សែបណ្តាញអីុនធើណែតពីក្រុមហ៊ុនផ្តល់សេវាកម្មអីុនធើណែតខុសៗគ្នា និងមានចំនួនអ្នកប្រើប្រាស់ច្រើន ដែលវាបាននិងកំពុងចោទឡើងនៅតាមបណ្តាក្រុមហ៊ុន និងស្ថាប័នរដ្ឋ និងឯកជននានា។
លោក តារា បានបញ្ជាក់ប្រាប់ Post Tech ថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលនឹងធ្វើឡើងតាមការផ្សាយផ្ទាល់លើបណ្តាញវីដេអូ YouTube នេះ វានឹងជួយឱ្យអ្នកប្រើប្រាស់អាចទាញយកល្បឿនអិុនធើណែតទៅប្រើប្រាស់បានដល់កម្រិតអតិបរមា កាត់បន្ថយការកកស្ទះចរាចរណ៍ទិន្នន័យនៅក្នុងខ្សែបណ្តាញ (បញ្ជៀសការទុកឱ្យផ្លូវមួយខ្សែនៅទំនេរ តែផ្លូវមួយខ្សែទៀតចង្អៀត) និងនាំឱ្យអិុនធើណែតមានល្បឿនដំណើរការយឺតជាដើម។
បញ្ជាក់ៈ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ សូមចុចលើតំណភ្ជាប់នេះ Online Training: Traffic Load Sharing ដើម្បីធ្វើការចុះឈ្មោះ ដោយឥតគិតថ្លៃ៕
មតិយោបល់