ក្រុមហ៊ុនរថយន្ត Ford នៅថ្ងៃចន្ទម្សិលមិញ បានប្រកាសដកនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Mark Fields ហើយដាក់លោក James Hackett ដែលជាប្រធានដឹកនាំក្រុមហ៊ុន Ford ផ្នែករថយន្តស្វ័យបើកបរជំនួស បន្ទាប់ពីភាគហ៊ុនធ្លាក់ចុះជិត ៤០%។
ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់នេះ ក៏ធ្វើឡើងដោយសារតែលោក Bill Ford Jr. ប្រធានក្រុមនាយករបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ មិនពេញចិត្តចំពោះលទ្ធផលទីផ្សាររបស់ខ្លួន និងដើម្បីស្តារទំនុកចិត្តរបស់ភាគហ៊ុនិក ក្នុងការប្រកួតប្រជែងលើវិស័យរថយន្តស្វ័យបើកបរ និងអគ្គិសនី។
ក្នុងរយៈពេលបីឆ្នាំក្រោមការដឹកនាំរបស់លោក Fields តម្លៃហ៊ុនរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះរហូតដល់ជិត ៤០% ហើយបច្ចុប្បន្ន មូលធនទីផ្សាររបស់ Ford គឺមានប្រមាណ ៤៣ ពាន់លានដុល្លារ តាមពីក្រោយគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន General Motors និង Tesla ដែលមាន ៤៩ ពាន់លានដុល្លារ និង ៥១ ពាន់លានដុល្លារ។
គួររំឭកថា កាលពីសប្តាហ៍មុនក្រុមហ៊ុន Ford បានប្រកាសកាត់បន្ថយបុគ្គលិកក្រៅរោងចក្រចំនួន ១,៤០០ នាក់បន្ទាប់ពីក្រុមហ៊ុនប្រឈមមុខនឹងការលក់ធ្លាក់ចុះនៅក្នុងទឹកដីអាមេរិក ការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យជាន់ខ្ពស់ និងការមិនពេញចិត្តពីក្រុមភាគហ៊ុនិក៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់