
Windows ដែលជាប្រព័ន្ធប្រតិបត្តិការឈានមុខគេលើពិភពលោក កំពុងប្រឈមមុខជាមួយគូប្រជែងដ៏ខ្លាំងក្លាមួយគឺប្រព័ន្ធ Android។
ក្រុមហ៊ុនវិភាគវេបសាយឈ្មោះ StatCounter បានរកឃើញថា តម្លៃហ៊ុននៃប្រព័ន្ធប្រតិបត្តិការចល័តរបស់ក្រុមហ៊ុន Google មួយនេះ បានកើនឡើងសឹងតែស្មើរគ្នាជាមួយប្រព័ន្ធ Windows ទៅហើយ កាលពីខែមុន។
បើគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៧ ប្រព័ន្ធប្រតិបត្តិដែលត្រូវបានបំពាក់លើស្មាតហ្វូន និងថេប្លេតនេះ កំពុងត្រូវបានប្រើប្រាស់ដោយមនុស្សទូទាំងពិភពលោកដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណែត ចំនួន ៣៧.៤ ភាគរយ ប្រកៀកគ្នាជាមួយនឹងប្រព័ន្ធ Windows ដែលមានចំនួន ៣៨.៦ ភាគរយ និងតាមពីក្រោយដោយប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple ដែលមានចំនួន ១២.៩៩ ភាគរយ។
គួរបញ្ជាក់ថា តួលេខនេះ ត្រូវបានក្រុមហ៊ុន StatCounter វាស់វែងតែចំពោះឧបករណ៍ទាំងឡាយណាដែលអ្នកប្រើប្រាស់ភ្ជាប់វាជាមួយបណ្តាញអ៊ិនធើណែតប៉ុណ្ណោះ ពោលគឺ វាមិនរាប់បញ្ចូលឧបករណ៍ដែលត្រូវបានលក់ចេញនៅលើទីផ្សារនោះទេ៕

ប្រភពដ្យាក្រាម៖ StatCounter Global Stats (ទីផ្សារហ៊ុន) | ប្រភពពត៌មាន៖ mashable.com
មតិយោបល់