ព័ត៌មានបច្ចេកវិទ្យា

Vivo Xplay7 អាចជាស្មាតហ្វូន Android ដំបូងបំពាក់ RAM ទំហំ ១០GB

ពីមួយឆ្នាំទៅមួយឆ្នាំ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android កាន់តែមានថាមពលខ្លាំងឡើងៗ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង។ ក្រុមហ៊ុនផលិតផលិតស្មាតហ្វូនប្រភេទនេះ បានអភិវឌ្ឍសមត្ថភាពរបស់ពួកវាឱ្យកាន់តែខ្ពស់ឡើងៗ រហូតស្ទើរតែអាចដាក់ផ្ទឹមជាមួយកុំព្យូទ័រមួយចំនួនបានទៀតផង។

នៅដើមឆ្នាំ ២០១៨ នេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Vivo ត្រូវបានព័ត៌មានចចាមអារ៉ាមអះអាងថា នឹងពាំនាំស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ RAM រហូតដល់ទំហំ ១០ ជីហ្គាបៃយ៍។

បច្ចុប្បន្ន គឺគេមានរួចទៅហើយនូវស្មាតហ្វូនប្រើប្រាស់ RAM ទំហំ ៨ ជីហ្គាបៃយ៍ ហើយវាចេញនៅឆ្នាំមុននេះ ដែលនោះគឺ OnePlus 5 និង Razar។ ក៏មានដែរនូវស្មាតហ្វូនជាច្រើនផ្សេងទៀតដែលប្រើ RAM ទំហំ ៦ ជីហ្គាបៃយ៍។ ជាមួយទំហំប៉ុន​ហ្នឹង គឺប្រហែលជាធំជាង RAM កុំព្យូទ័រយួរដៃរបស់លោកអ្នកមួយចំនួនក៏មិនដឹង។

យោងតាមប្រភពព័ត៌មានក្រៅផ្លូវការដែលត្រូវបានបើកកកាយនៅលើគេហទំព័រ SlashGear លើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Vivo នឹងបញ្ចេញស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួនម៉ូឌែល Xplay7 ក្នុងឆ្នាំ ២០១៨ នេះ ជាមួយសមាសភាព RAM ទំហំ ១០ ជីហ្គាបៃយ៍៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំរហូតដល់ ៥១២ ជីហ្គាបៃយ៍ ដែលវាជាជម្រើសសមត្ថភាពខ្ពស់បំផុត បន្ថែមពីលើជម្រើសទំហំ ៦/២១៦ ជីហ្គាបៃយ៍។

បន្ថែមពីលើនេះ Xplay7 ក៏អាចនឹងបំពាក់បន្ទះឈីប Snapdragon 845 ដែលជាឈីប CPU ដ៏មានថាមពលជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm។ ជាងនេះទៅទៀត វានឹងប្រើប្រាស់នូវអេក្រង់ដែលមានមាត្រដ្ឋាន ១៨:៩ ratio ក្រាលដោយបន្ទះស្កេនក្រយៅដៃនៅខាងក្រោមស្រទាប់អេក្រង់ និងមុខងារស្កេនផ្ទៃមុខ Face ID 2.0 ផងដែរ។

គួរបញ្ជាក់ថា Vivo គឺជាក្រុមហ៊ុនដែលបានពាំនាំស្មាតហ្វូនបំពាក់បន្ទះស្គេនក្រយៅដៃខាងក្រោមស្រទាប់អេក្រង់មកកាន់ពិភពលោកមុនដំបូងគេបង្អស់ និងមានតែមួយគត់នាពេលបច្ចុប្បន្ន ក្រោមការសហការជាមួយក្រុមហ៊ុន Synaptic។

ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។ ការពិតឬយ៉ាងណានោះគឺមានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់នោះទេ៕

មតិយោបល់