ក្រុមហ៊ុនអេឡិចត្រូនិច Samsung បានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួនកំពុងអភិវឌ្ឍបន្ទះឈីប CPU ពិសេសថ្មីមួយឈ្មោះ Exynos I T200 សម្រាប់ប្រតិបត្តិលើឧបករណ៍ប្រើប្រាស់អ៉ិនធើ ណែត IoT (Internet of Things)។ នេះបើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រព័ត៌មានបច្ចេកវិទ្យា ZDnet។
បើតាមការថ្លែងឱ្យដឹងពីក្រុមហ៊ុន បន្ទះឈីបប្រភេទថ្មីនេះ គឺឋិតនៅក្នុងសែស្រឡាយបន្ទះឈីបអង្គប្រតិបត្តិប្រភេទ ARM សម្រាប់បំពាក់លើឧបករណ៍ចល័ត និងត្រូវបានរចនាឡើងសម្រាប់គាំទ្រជាពិសេសលើប្រព័ន្ធសន្តិសុខ និងទំនាក់ទំនងឥតខ្សែ ព្រមទាំងបន្ថែមមុខងារថ្មីមួយសម្រាប់ការពារការលួចចម្លងខុសច្បាប់ ខណៈវាផ្គុំឡើងដោយ CPU ច្រើន core និងអាចទ្រទ្រង់ពហុមុខងារបាន។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង ហាក់បីដូចជាបង្កើនការផ្តោតសំខាន់ទៅលើឧបករណ៍ IoT។ កាលពីខែមុខ ក្រុមហ៊ុនបានបើកបង្ហាញប្រព័ន្ធប្រតិបត្តិការ Tizen 4.0 ដែលជាប្រព័ន្ធកម្មវិធីមួយអភិវឌ្ឍឡើងដើម្បីដំណើរការលើឧបករណ៍ប្រើប្រាស់អ៉ិនធើណែត ហើយបានប្រើវាសាកល្បងក្នុងកម្រោងកម្មវិធីArtik IoT របស់ខ្លួន។
ពពួកឧបករណ៍ដែលអាចបញ្ជាតាមប្រព័ន្ធអ៉ិនធើណែត ត្រូវគេរំពឹងថា នឹងមានការវិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំង នារយៈពេលពីរបីឆ្នាំខាងមុខ ហើយវានឹងបង្កើតទីផ្សារថ្មីដែលមានតម្លៃរហូតដល់ទៅ ២០០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០។
គួរបញ្ចាក់ថា IoT គឺជាប្រភេទឧបករណ៍វៃឆ្លាតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងវាតាមឧបករណ៍ចល័តតភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែត ហើយវាមានរាប់បញ្ចូលទាំង អំពូលភ្លើងអគ្គិសនី ទូទឹកកក ម៉ាស៊ីនត្រជាក់ សោទ្វារ និងបរិក្ខារក្នុងរថយន្តមួយចំនួនជាដើម។ល។
អត្តបទៈ សេង
ប្រភពព័ត៌មានៈ cnet
មតិយោបល់