ភ្នំពេញ: ខណៈប្រព័ន្ធបច្ចេកវិទ្យាមានការវិវឌ្ឍរីកចម្រើនជាលំដាប់ ការប្រកបអាជីវកម្មតាមប្រព័ន្ធនេះនៅកម្ពុជា ក៏មានការរីកដុះដាលគួរឱ្យកត់សម្គាល់ផងដែរ ជាពិ សេស តាម Facebook ឬប្រព័ន្ធអនឡាញតែម្តង។ រីកដុះ ដាលគឺមកពីវាបានផ្តល់ឱកាសច្រើនដល់អ្នកប្រើប្រាស់អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនសម្រាប់លក់ផលិតផល និងសេវាកម្មផ្សេងៗ ទៅដល់អតិថិជនបានដោយមិនចាំបានត្រូវមានទីតាំងជាក់លាក់ ឬសមរម្យអ្វីឡើយ។
លោក Christopher McCarthy នាយកប្រតិបត្តិក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mango Tango បានលើកឡើងក្នុងវេទិកាកិច្ចពិភាក្សាស្តីពី “ឱកាស និងបញ្ហាប្រឈមក្នុងអាជីវកម្មតាមបែបអេឡិចត្រូនិក (E-Commerce)” នៅអង្កការមូលនិធិអាស៊ី នាព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះថា នៅកម្ពុជាបច្ចុប្បន្ន មានអ្នកបង្កើតទំព័រ Facebook ឬវ៉ិបសាយរាប់សិបពាន់ ដើម្បីផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្មផ្សេងៗរបស់ពួកគេ។
លោកឱ្យដឹងបន្ថែមថា មនុស្សកាន់តែពេញចិត្តជាមួយដំណើរការទិញទំនិញតាមអនឡាញ ខណៈវាជួយសន្សំសំ ចៃ ពេលវេលា ងាយស្រួលក្នុងការជ្រើសរើសតម្លៃ និងផលិតផល ឬសេវាកម្មដែលពួកគេពេញចិត្ត ហើយបច្ចេកវិទ្យា ទៀតសោត ក៏ជួយឱ្យដំណើរការទាំងនោះ កាន់តែមានភាពច្បាស់លាស់។
កញ្ញា ឡុង លក្ខិណា ប្រធានក្រុមប្រតិបត្តិនៃក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន Joonaak (ជូនអ្នក) និយាយថា ការលក់ទំនិញតាមបណ្តាញសង្គមដូចជា Facebook និង Instagram គឺងាយស្រួល គ្រាន់តែបង្ហោះរូបផលិត ផលចេញ នោះក៏មានអ្នកចាប់អារម្មណ៍ទាក់ទងទិញភ្លាម។
អាជីវកម្មតាមបែបអេឡិចត្រូនិចនេះ ថ្វីត្បិតកំពុងក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់យុវវ័យក្នុងការចាប់ផ្តើមមុខរបរតូចតាច នាពេលទំនេរពីការងាររៀនសូត្រ ដើម្បីរកចំណូលបន្ថែមក្តី ប៉ុន្តែ វាក៏ប្រឈមនឹងបញ្ហាលំ បាកជាច្រើនដែរ។
លក្ខិណា ដែលបានចាប់ផ្តើមបើកសេវាដឹកជញ្ជូនទំនិញតាមអនឡាញនៅដើមឆ្នាំ ២០១៥ បន្ទាប់ពីសិក្សាស្វែងយល់ដឹងពីកង្វះ ខាតនៃសេវានេះក្នុងវិស័យ E-Commerce លើកឡើងថា ការលក់ផលិតផលតាមអនឡាញគឺងាយស្រួល តែការដឹកជញ្ជូនទៅដល់ដៃអតិថិជនគឺលំបាក ជាពិសេស លើពេលវេលា និងទីកន្លែងប្រគល់ទំនិញ ខណៈភ្នាក់ងារដឹកជញ្ជូន ពួកគេក៏មានការងារផ្សេង ឬកំពុងសិក្សា ហើយអាសយដ្ឋានមួយចំនួនក្នុងទីក្រុង ពិបាកក្នុងការស្វែងរក។
លោក ឡាវ សុភ័ក្រ្ត ម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិកអនឡាញ Sombok IT (សំបុកអាយធី) បានឱ្យដឹងថា បញ្ហាដែលលោកធ្លាប់ជួបគឺ នៅពេលអតិថិជនកម៉្មង់ទំនិញហើយ ពួកគេប្តូរចិត្តមិនចង់បានវិញ។ លោកឱ្យដឹងបន្ថែមថា ផលិត ផលអេឡិចត្រូនិច មិនដូចជាផលិតផលស្បែកជើង ឬសម្លៀកបំពាក់នោះទេ ប្រសិនបើប្រអប់របស់វាដាច់សន្ទះឃ្លុំបេហើយ អតិថិជននឹងមិនទិញយកនោះទេ។
ក្រៅពីបញ្ហាលំបាកខាងលើ ការផ្តល់ទំនុកចិត្ដជូនអតិថិជន គឺជារឿងសំខាន់បំផុតមួយ ហើយវាគឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញមនុស្សឱ្យជ្រើសរើសទិញទំនិញអនឡាញ និងធ្វើឱ្យអ្នកប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះ ទទួលបានជោគជ័យ។
សុភ័ក្ត្រ ដែលបានចាប់បើកហាង សំបុកអាយធី ក្នុងឆ្នាំ ២០១៤ ថា លោកមិនមែនលក់ទំនិញប្រគល់ដល់ដៃភ្ញៀវផុតហើយចប់ អត់ធានាខុសត្រូវនោះទេ។ ក្រោយលក់ គឺលោកក៏មានផ្តល់សេវាថែទាំមួយចប់ដល់ពួកគេផងដែរ។ ពោលគឺ ក្រោយពីទិញរួច អតិថិជនក៏អាចយកទំនិញនោះមកឱ្យខាងលោកឆែកមើល ឬប្រគល់មកវិញបានដែរ បើពួកគេប្រើទៅជួបបញ្ហានោះ។
បច្ចុប្បន្ននេះដែរ ការទូទាត់ថ្ងៃទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ក៏កាន់តែមានភាពងាយស្រួល ហើយឱកាសនឹងមាន មកច្រើនបន្ថែមទៀតសម្រាប់អ្នកប្រកបរបរតាមអនឡាញ ខណៈសេវាវេរលុយ និងទូទាត់ថ្លៃទំនិញតាមបែបអេឡិចត្រូនិច ឬ E-Payment កើនកាន់តែច្រើន ហើយធនាគារក្នុងស្រុកមួយចំនួន ក៏កំពុងត្រៀមដាក់ចេញនូវកម្មវិធីបែបនេះលើទូរសព្ទដៃផងដែរ។
ម្ចាស់ទំព័រ Facebook ឈ្មោះ Sombok IT Store ឱ្យដឹងទៀតថា សម្រាប់អតិថិជនដែលកម្ម៉ង់ឥវ៉ាន់ពីបណ្តាខេត្ត លោកអាចទទួលលុយពីពួកគេជាមុនបានតាមសេវាវេរលុយដូចជា វ៉ីង ឬ អ៉ីម៉ានី ហើយបើពួកគេចង់ឱ្យមានទំនុកចិត្តជាងនេះទៀត អាចប្រើសេវាធនាគារបាន។
លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន Codingate ដែលជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សា លើកឡើងថាឆាប់ៗខាងមុខ អាចថាក្នុងឆ្នាំនេះតែម្តង មធ្យោបាយទូទាត់ថ្លៃទំនិញតាមប្រព័ន្ធអេឡិចត្រូនិចនឹងមានការផ្លាស់ប្តូរច្រើន។ លោកបន្ថែមថា ធនាគារផ្សេងៗបានចាប់ផ្តល់បន្ថែមនូវសេវាទូទាត់វិក្កិយបត្រតាមកម្មវិធីទូរសព្ទដៃ តួយ៉ាងដូចជា ធនាគារ អេស៊ីលីដា និង ABA ជាដើម។
លោក Christopher បានរំពឹងទុកថា វិស័យ E-Commerce នៅកម្ពុជា នឹងមានការរីកលូតលាស់ដូចជានៅប្រទេស ចិន ដែលកាលពី ១២ ឆ្នាំមុន ក៏ធ្លាប់ប្រឈមបញ្ហាជាច្រើនដូចនៅកម្ពុជា បច្ចុប្បន្នដែរ គឺមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលជឿទុកចិត្តលើការទិញទំនិញតាមប្រព័ន្ធអនឡាញ៕
អត្ថបទ និងរូបថតដោយ: តិចសេង
មតិយោបល់