ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន HP បញ្ចេញកុំព្យូទ័រលើតុ All-in-One អេក្រង់កោងទំហំ ៣៤ អីុញ

Envy 34 All-in-One គឺជាកុំព្យូទ័រប្រភេទលើតុរបស់ក្រុមហ៊ុន HP មួយម៉ូឌែលចុងក្រោយថ្មី ដែលត្រូវបានរចនាឡើងជាមួយអេក្រង់កោងទំហំ ៣៤​ អីុញ ហើយមិនចាំបាច់ត្រូវការធុង System Unite អ្វីរញ៉េរញ៉ៃឡើយ។ ពោលគឺ គ្រឿងបង្គំ Hardware របស់វា ត្រូវបានច្របាច់បញ្ចូលទៅក្នុងជើងទម្រដ៏ស្រស់ស្អាត​ដែល​ទ្រអេក្រង់កោងដ៏ប្រណិតរបស់ដោយបង្គោលលោហ:អាឡុយមីញ៉ូមពណ៌សដ៏រឹងមាំ។

នៅក្នុងជើងទម្ររាងបួនជ្រុងទ្រវែងនោះ គឺមាន CPU ប្រភេទ Core-i7 ល្បឿន 2.9 GHz, RAM ទំហំ 16 GB, Hard drives ចំនួនពីរ ដោយមួយជាប្រភេទ SSD ទំហំ 256 GB និងមួយទៀតជាប្រភេទធម្មតាទំហំ 1TB និង GPU ប្រភេទ AMD Radeon RX 460។

ចំណែកនៅផ្នែកខាងក្រោយរបស់វា គឺមានរន្ធស៊កខ្សែ USB-C មួយ, រន្ធ USB ធម្មតា ៤, រន្ធ Ethernet, រន្ឌ SDCard, និងរន្ធ HDMI ចេញ/ចូលមួយ ដែលអាចប្រើសម្រាប់តភ្ជាប់អេក្រង់របស់វាទៅនឹងម៉ាស៊ីនហ្គេម Xbox បាន។ ក្រៅពីនេះ គឺវាក៏មានបំពាក់ដោយរន្ធបំពងសំឡេង Band & Olufsen ដែលអាចបញ្ចេញសំឡេងលាន់ឮខ្លាំង និងរងំបានផងដែរ។

ជាងនេះទៀត នៅខាងលើជើងទម្រ មានកងបង្វិលសម្រាប់ផ្លាស់ប្តូរកម្រិតសំឡេងដោយគ្រាន់តែយកម្រាមដៃប៉ះលើវាថ្នមៗ និងមានក្រាលដោយសន្ទះសាកថ្មឥតខ្សែសម្រាប់ទូរសព្ទថែមទៀតផង។

ចំណែកអេក្រង់កោងរបស់វាវិញ គឺអាចបញ្ចាំងរូបភាពខ្នាត 3340 x 1440 ភិចសែល អាចបញ្ចេញពន្លឺពណ៌ច្បាស់ស្រទន់ និងមិនធ្វើឱ្យផ្សាភ្នែកនៅពេលដែលសំឡឹងមើលលើវាយូរ។

HP Envy 34 ប្រើប្រាស់ក្តារចុច និង Mouse ឥតខ្សែ ដូចជាកុំព្យូទ័រ iMac របស់ Apple អីចឹងដែរ ហើយ​វាត្រូវបានដាក់លក់ក្នុងតម្លៃ ១,៩៩៩ ដុល្លារអាមេរិក (តម្លៃលក់នៅបរទេស)៕

ប្រភពព័ត៌មាន: wired

មតិយោបល់