នៅទីបំផុត ទូរសព្ទដៃទំនើបប្រភេទអេក្រង់ធំមានប៊ិកចុចបញ្ជារបស់ក្រុមហ៊ុន Samsung ជំនាន់ថ្មី គឺ Galaxy Note 8 ត្រូវបានប្រកាសចេញជាផ្លូវការហើយ កាលពីវេលាយប់ថ្ងៃម្សិលមិញនេះ ហើយគ្រប់យ៉ាងគឺមិនខុសអ្វីពីរូបភាព និងព័ត៌មានលេចឮកន្លងមកនោះទេ។
Galaxy Note 8 ត្រូវបានរចនាជាមួយផ្ទៃកញ្ចក់អេក្រង់លាតសន្ធឹងស្ទើគ្មានបន្សល់ទុកគែមជុំវិញ និងមានរាងកោងខុបបន្តិចនៅផ្នែកខាងឆ្វេង និងខាងស្តាំ ចំណែកកាមេរ៉ាក្រោយ គឺមានមួយគូ អមដោយបន្ទះស្កេនក្រយៅដៃនៅខាងស្តាំ និងមានប៊ិក S Pen ដែលអាចចុចភើចចេញពីគែមទូរសព្ទផ្នែកខាងក្រោម។
សម្រាប់លក្ខណៈសម្បត្តិដែលគួរឱ្យចាប់អារម្មណ៏បំផុតនោះគឺមានពីរ៖ ទីមួយ វាបំពាក់កាមេរ៉ាភ្លោះដែលមានសមត្ថភាពយឹតរូបភាពមកជិតបែបអ៊ុបទិចចំនួន ២ តង់ និងភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹង OIS លើភ្នែកកាមេរ៉ាទាំងសងខាង ដែលជួយឱ្យគុណភាពរូប និងវីដេអូ ចាកឆ្ងាយពីភាពព្រាល និងញ័រ នៅពេលចាប់កាន់ថតឋិតក្នុងទីដែលគ្មានលំនឹង។
ម្យ៉ាងទៀត វាអាចផ្តិតយករូបភាពបានពីរប្លង់ក្នុងពេលដំណាលគ្នា ដោយមួយជាប្លង់ជិត និងមួយទៀតជាប្លង់ឆ្ងាយ ឬទូលាយ។ បន្ថែមពីលើនេះ កម្មវិធីកាមេរ៉ាទៀតសោត អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ភាពព្រាលក្រោយ/ច្បាស់មុខលើរូបថតក្រោយពីចុចថតរួចផងដែរ។
លក្ខណៈពិសេសមួយផ្សេងទៀតគឺ វាត្រូវបានដំឡើងរួចជាស្រេចនូវមុខងារជំនួយការសំឡេងឌីជីថល Bixby និងស្រទាប់ការពារជម្រាបទឹកក្នុងជម្រៅ ១.៥ ម៉ែត្រ រយៈពេល ៣០ នាទី តាមស្តង់ដា IP68។ Samsung Galaxy Note 8 ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៩៥០ ដុល្លារ នៅលើទីផ្សារអាមេរិក ពោលគឺថ្លៃជាង Note 7 កាលប្រកាសចេញលក់ដំបូង ១០០ ដុល្លារ៕
Galaxy Note 8 ចេញសប្តាហ៍នេះហើយ! ទាំងនេះគឺជាអ្វីដែលលោកអ្នកចង់ដឹង
មតិយោបល់