នៅទីបំផុតទៅ ក្រុមហ៊ុន Alphabet Inc. ដែលជាក្រុមហ៊ុនមេរបស់ Google បានយល់ព្រមលក់ក្រុមហ៊ុន ផលិតរ៉ូប៉ូត Boston Dynamics ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍របស់ជប៉ុន ឈ្មោះ SoftBank ហើយ ប៉ុន្តែ ចំពោះលក្ខន្តិកៈនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរមិនទាន់ត្រូវបានបើកបង្ហាញនៅឡើយ។

លោក Marc Raibert នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Boston Dynamics បាននិយាយក្នុងសេចក្តីថ្លែងការមួយថា «យើងមានសេចក្តីរីករាយណាស់ដែលបានក្លាយទៅជាផ្នែកមួយរបស់ក្រុមហ៊ុន SoftBank ក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យារ៉ូប៉ូតឱ្យកាន់តែមានអត្ថប្រយោជន៍បន្ថែមទៀតសម្រាប់មនុស្សជាតិ»។ «យើងទន្ទឹងរង់ចាំធ្វើការជាមួយ SoftBank ក្នុងបេសកកម្មរបស់យើងដើម្បីអភិវឌ្ឍបច្ចេកវិទ្យារ៉ូប៉ូតឱ្យកាន់តែទំនើប និងបង្កើតនូវកម្មវិធីដែលមានប្រយោជន៍នៅក្នុងពិភពលោក»។
គួរបញ្ជាក់ថា Boston Dynamics គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន Google ដែលមាន Alphabet ជាក្រុមហ៊ុនមេ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានផលិតចេញនូវរ៉ូប៉ូតជាច្រើនទម្រង់ និងច្រើនប្រភេទ បំពាក់ដោយបច្ចេកវិទ្យាជាន់ខ្ពស់ និងសមត្ថភាពដ៏អស្ចារ្យ។
ចំណែក SoftBank គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអីុនធើណែត និងទូរគមនាគមន៍ពហុសាសន៍របស់ប្រទេសជប៉ុន ដែលបានចាប់បង្កើតឡើងនៅក្នុងឆ្នាំ ១៩៨១ និងមានមូលដ្ឋាននាទីក្រុង Tokyo ប្រទេសជប៉ុន៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់