ក្រុមហ៊ុន Huawei បានប្រកាសចេញស្មាតហ្វូនត្រកូល Honor ជំនាន់ថ្មី នៅថ្ងៃម្សិលមិញនេះ នៅក្នុងប្រទេសចិន ជាមួយលក្ខណៈសម្បត្តិស្រដៀងទៅនឹងជំនាន់មុនរបស់វាដែរ ប៉ុន្តែ បានពាំនាំមកនូវសមត្ថភាពកាមេរ៉ា ថាមពលថ្ម អង្គចងចាំបណ្តោះអាសន្ន និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនកាន់តែធំ និងកាន់តែខ្ពស់។
Honor 9 ដែលស្រោបដោយសម្បកអាលុយមីញ៉ូមដ៏រលើបរលោងនេះ បំពាក់អេក្រង់ Full HD ទំហំ ៥.១៥ អីុញ ប្រើបន្ទះឈីប Kirin 960 មានថ្ម ៣,២០០ មីល្លីអំព៊ែរ អង្គចងចាំបណ្តោះអាសន្នទំហំ ៤/៦ ជីហ្គាបៃយ៍ និងអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ ៦៤/១២៨ ជីហ្គាបៃយ៍។
ខុសពី Honor 8 បន្ទះស្គេនក្រយៅដៃរបស់វា ត្រូវបានផ្លាស់ប្តូរទីតាំងទៅឋិតនៅខាងមុខ លើប៊ូតុង Home និងបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ដោយម្ខាងមានទំហំ ២០ មេហ្គាភិចសែល និងម្ខាងទៀតទំហំ ១២ មេហ្គាភិចសែល មានសមត្ថភាពអាចយឹតរូបភាពមកជិតបាន ២ តង់ ស្រដៀងទៅនឹង Huawei P10 អីចឹងដែរ ហើយចំណែកកាមេរ៉ាមុខ គឺមានទំហំ ៨ មេហ្គាភិចសែល។
Huawei Honor 9 ត្រូវបានដាក់ឱ្យដំណើរការលើប្រព័ន្ធ Android 7.0 និងផ្ទាំងកម្មវិធីប្រើប្រាស់ EMUI 5.1 ចេញពីរោងចក្រ ហើយវានឹងគាំទ្រជាមួយសេវាកម្មទូទាត់វិក្កយបត្រថ្មីរបស់ក្រុមហ៊ុនផ្ទាល់គឺ Huawei Pay ផងដែរ។
តាមការប្រកាសឱ្យដឹងពីក្រុមហ៊ុន សមាជិកគ្រួសារត្រកូល Honor ថ្មីនេះ នឹងមានលក់នៅហាងចែកចាយបន្តនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី ១៦ មិថុនា ជាមួយតម្លៃ ៤០០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុក ៦៤ ជីហ្គាបៃយ៍ និង ៤៤០ ដុល្លារ សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យ ១២៨ ជីហ្គាបៃយ៍៕
ប្រភពព័ត៌មានៈ techspot
មតិយោបល់