កន្លងមកដើម្បីអាចថតរូបភាពបែបរង្វិលជុំ ៣៦០ ដឺក្រេ អ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម Facebook ចាំបាច់ត្រូវចាកចេញទៅប្រើកម្មវិធីដទៃ រួចចូលមកកម្មវិធី Facebook វិញ ទើបអាចដាក់បង្ហោះរូបភាពក្នុងទម្រង់បែបនោះទៅលើ NewFeed របស់ខ្លួនបាន។
បើតាមរបាយការណ៍ចុងក្រោយ រូបថតទម្រង់ ៣៦០ ដឺក្រេ ត្រូវបានដាក់បង្ហោះនៅលើបណ្តាញសង្គមយក្សនេះ មានចំនួនរហូតដល់ ៧០ លាន តែគ្មានមួយណាត្រូវបានថតចេញពីកម្មវិធី Facebook ផ្ទាល់ឡើយ។ ម្លោះហើយ ទើបនៅថ្ងៃនេះ Facebook បានដាក់បន្ថែមមុខងារពិសេសនេះ ទៅក្នុងកម្មវិធីកាមេរ៉ាដែលភ្ជាប់ក្នុងកម្មវិធីបណ្តាញសង្គមលើទូរសព្ទដៃរបស់ខ្លួនស្រាប់។ ពោលគឺ អ្នកប្រើប្រាស់អាចផ្តិតយករូបភាព ៣៦០ ដឺក្រេ ដោយមិនចាំបាច់ចាកចេញពី Facebook ឡើយ ហើយបន្ទាប់មក អាចយកវាដាក់បង្ហោះទៅលើ Timeline, ក្នុងអាល់ប៊ុមរូបថត និងក្នុងគ្រុបបាន។
ទោះយ៉ាងណា មុខងារថតរូប ៣៦០ មិនទាន់បើកទៅដល់អ្នកប្រើប្រាស់គ្រប់គ្នានៅឡើយទេ ប៉ុន្តែ លោកអ្នកនឹងឃើញវានៅក្នុងកម្មវិធី Facebook លើទូរសព្ទដៃរបស់ខ្លួនឆាប់ៗខាងមុខនេះជាមិនខាន។
សូមទស្សនាការណែនាំពីរបៀបប្រើប្រាស់មុខងារថ្មីនេះ តាមវីដេអូខាងក្រោម៖
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់