ព័ត៌មានបច្ចេកវិទ្យា

Stephen Hawking: មនុស្សត្រូវចាកចេញពីផែនដីជាបន្ទាន់!

អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ គឺលោក Stephen Hawking នៅប៉ុន្មានខែមុននេះ បានព្រមានខ្លាំងៗថាមនុស្សចាំបាច់ត្រូវផ្លាស់ទីចេញពីផែនដី យូរបំផុតក្នុងរយៈពេល ១០០ ឆ្នាំទៀត ដោយសារបញ្ហាបម្រែបម្រួលអកាសធាតុ កំណើនប្រជាពលរដ្ឋ និងគ្រោះធម្មជាតិកាន់តែកាចសាហាវ កើតចេញពីស្នាដៃមនុស្សខ្លួនឯង។

ហើយឥឡូវ តារាវិទូវ័យ ៧៥ ឆ្នាំរូបនេះ កំពុងជំរុញឱ្យមនុស្សលោកត្រូវធ្វើដំណើរទៅកាន់ភពដែលកៀកនឹងផែនដីបំផុត គឺភពព្រះច័ន្ទ សារជាថ្មីម្តងទៀតជាបន្ទាន់តាមដែលអាចធ្វើទៅបាន និងបន្តស្រាវជ្រាវលើភពផ្សេងៗទៀតដូចជា អង្គារ៍ និងពុធ ដើម្បីស្វែង​រកកន្លែងអាចតាំងទីលំនៅថ្មីបាន។

ថ្លែងក្នុងឱកាសនៃទិវា Starmus Festival ក្នុងសប្តាន៍នេះ លោក Hawking បានអះអាងថា បច្ចុប្បន្ន គឺដល់ពេលយើងត្រូវចាប់ផ្តើមផែនការដាក់អណានិគមលើភពផ្សេងដូចជា ភពចន្ទ និងអង្គារ៍ហើយ ព្រោះយើងកំពុងជិតអស់ដីរស់នៅហើយ ហើយទីកន្លែងដែលយើងអាចទៅបានគឺភពទាំងនោះ។

លោកបន្ថែមថា «នេះប្រហែលជាផ្លូវតែមួយគត់ដែលយើងអាចសង្រ្គោះជីវិតយើង ពីដៃរបស់យើង»។ លោកថា យើងកំំពុងប្រឈមហានិភ័យនៃបម្រែបម្រួលអាកាសធាតុ កង្វះប្រភពធនធាន និងការលើសចំណុះរនៃចំនួនមនុស្ស។ «ដូច្នេះ យើងចាំបាច់ចាកចេញពីផែនដី ទៅរកកន្លែងថ្មីនៃបណ្តាភពក្នុងប្រព័ន្ធសុរិយៈ»៕

ប្រែសម្រួល: សេង

ប្រភពព័ត៌មានៈ bgr

មតិយោបល់