ព័ត៌មានបច្ចេកវិទ្យា

Apple ជិតអស់ពេលរចនា Touch ID លើអេក្រង់ iPhone 8 ហើយវានឹងមានតម្លៃចាប់ពី ១,២០០ ដុល្លារឡើង

យោងតាមអ្នកវិភាគបីរូបមកពីក្រុមហ៊ុន Keybanc Capital Markets គឺលោក Andy Hargreaves, Jonh Vinh និង Josh Beck បានឱ្យដឹងនៅថ្ងៃម្សិលមិញថា ក្រុមហ៊ុន Apple ជិតអស់ពេលក្នុងការច្របាច់បញ្ចូលបន្ទះ​ស្កេនក្រយៅដៃ Touch ID នៅពីក្រោមស្រទាប់អេក្រង់របស់ទូរសព្ទ iPhone 8 ហើយ។

អ្នកវិភាគព័ត៌មានបច្ចេកវិទ្យាទាំងបីបានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិត iPhone សល់ពេលតែមួយខែទៀតប៉ុណ្ណោះ ដើម្បីធ្វើឱ្យ Touch ID អាចដំណើរការមុខងាររបស់វានៅលើកញ្ចក់អេក្រង់ឱ្យបានត្រឹមត្រូវ លឿន និងសុក្រឹត្យតាមការរំពឹងទុក ហើយមកទល់ពេលនេះ ក្រុមហ៊ុ​ននៅកំពុងជួបឧបសគ្គនៅឡើយ។ សរុបមក​ ក្រុមហ៊ុនមានពេល ១២​ សប្តាហ៍ ដើម្បីរកវិធីសាស្ត្រច្របាច់បញ្ចូលអង្គញាណ Touch ID នៅខាងក្រោមស្រទាប់កញ្ចក់អេក្រង់ឱ្យបានសម្រេច និងចាប់ផ្តើមចង្វាក់ផលិតកម្មរបស់ iPhone 8។ ពោលគឺ ខ្លួននឹងត្រូវដោះស្រាយរាល់បញ្ហាទាំងអម្បាលន្មានជាមួយលក្ខណ:សម្បត្តិថ្មីនេះ ឱ្យបានដាច់ស្រាច់នៅខែសីហា ដើម្បីអាចប្រកាសវាចេញនៅ​ខែ​វិច្ឆិកា។

ខណ:ការពន្យាពេលប្រកាសចេញ iPhone លំដាប់កំពូលសម្រាប់អំណរខួបគម្រប ១០ ឆ្នាំរបស់វា មិនមែនជាជម្រើសតែមួយនោះ ក្រុមហ៊ុន Apple ត្រូវគេជឿថា នឹងប្រើដំណោះស្រាយថ្មីមួយទៀតគឺ ដក Touch ID ចេញ ហើយដាក់មុខងារថតសម្គាល់ផ្ទៃមុខ 3D ដើម្បីដោះសោ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ជំនួសមកវិញ។ នេះបើយោងតាមអ្នកទម្លាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីល្បាញមួយរូប គឺលោក Ming-Chi Kuo បានលើកឡើងកាលពីសប្តាហ៍កន្លងទៅ

ប៉ុន្តែ អ្នកវិភាគទាំងបីបាននិយាយថា មុខងារថតសម្គាល់ផ្ទៃមុខអាចនឹងមិនដំណើរការបានល្អជាមួយកម្មវិធី Apple Pay នោះទេនៅពេលនេះ។ ពួកគេបន្ថែមទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ទំនងជាជ្រើសរើសការពន្យាពេលថ្ងៃប្រកាសចេញ iPhone 8 រហូតទៅដល់ពាក់កណ្តាលខែវិច្ឆិកា ដោយគ្មានជះឥទ្ធិពលជាអវិជ្ជមានដល់ចង្វាក់ផលិតកម្មទាំងមូលរបស់វា។

ថ្លែងទាក់ទងទៅនឹងការប្រកាចេញទូរសព្ទដែលពិភពលោកកំពុងទន្ទឹងរងចាំនេះដែរ​ អ្នកវិភាគព័ត៌មានបច្ចេកវិទ្យាលោក Jonh Gruber បានរំពឹងទុកថា ដោយសារតែការបំពាក់នូវលក្ខណ:សម្បត្តិថ្មីៗជាមួយបច្ចេក​វិទ្យាកំពូលៗ តម្លៃរបស់ទូរសព្ទ iPhone 8 អាចនឹងកើនដល់ ១,១៩៩ ទៅ ១,២៤៩ ដុល្លារ សម្រាប់ម៉ូឌែលជម្រើសទំហំផ្ទុកទិន្នន័យ ៦៤ ជីហ្គាបៃយ៍ ហើយសម្រាប់ជម្រើសទំហំផ្ទុក ២៥៦ ជីហ្គាបៃយ៍ វានឹងមានតម្លៃចាប់ពី ១,២៩៩ ទៅ ១,៣៩៩ ដុល្លារ៕

ប្រភពព័ត៌មាន: bgr, cnbc

មតិយោបល់