Moto G5S Plus អាចនឹងបង្ហាញមុខជាមួយរចនាបទថ្មី និងកាមេរ៉ាភ្លោះ!

សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Motorola ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោក គឺវាពុំសូវមានឈ្មោះបោះសំឡេងនោះទេ ប៉ុន្តែ នេះមិនមែនមានសេចក្តីថា ក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយនេះ បោះបង់ការប្រកួតក្នុងសង្វៀនស្មាតហ្វូននោះទេ។

យោងតាមប្រភពព័ត៌មានទីផ្សារសម្រាប់ទូរសព្ទស៊េរី Moto G5S Plus របស់ក្រុមហ៊ុន Motorolar ដែលត្រូវបានគេហទំព័រ VentureBeat យកមកចុះផ្សាយ បានបង្ហាញថា ទូរសព្ទលំដាប់កំពូលមួយនេះ មានការផ្លាស់ប្តូររចនាបទថ្មី ជាមួយការបំពាក់កាមេរ៉ាក្រោយមួយគូ។

ខុសពី G5 និង​ G5 Plus ជំនាន់បច្ចុប្បន្ន ដែលស្រោបដោយសម្បកជាតិផ្លាស្ទិក G5S Plus ប្រើប្រាស់លោហៈអាលុយមីញ៉ូមក្រូម៉េភ្លឺរលើបរលោង ជាមួយទំហំអេក្រង់ពង្រីកដល់ ៥.៥ អីុញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ វាបំពាក់កាមេរ៉ាក្រោមពីរ ទំហំ ១៣ មេហ្គាភិចសែលដូចគ្នា ទាំងកាមេរ៉ាផ្តិតយករូបភាពពណ៌ និងស-ខ្មៅ ចំណែកកាមេរ៉ាមុខគឺមានទំហំ ៨ មេហ្គាភិចសែល។

Moto G5S Plus ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានជាផ្លូវការនាព្រឹត្តិការណ៍ថ្ងៃទី ២៥ កក្កដា ដែលក្រុមហ៊ុនបានប្រកាសថានឹងរៀបចំឡើង ជាមួយស្មាតហ្វូនត្រកូល Moto X និង Moto Z ស៊េរីថ្មី៕

ប្រភពព័ត៌មានៈ engadget

មតិយោបល់