ចិន៖ នៅថ្ងៃនេះ ព័ត៌មានដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍មួយបានលេចឮឡើង ដោយព័ត៌មាននោះគឺការបែកធ្លាយរូបភាពស្មាតហ្វូន P1 របស់ក្រុមហ៊ុន Nokia ដែលនេះជាលើកដំបូងបំផុត និងមិនធ្លាប់មានចាប់តាំងពី Nokia លក់អាជីវកម្មទូរស័ព្ទចល័តឲ្យទៅ Microsoft។
របាយការណ៍សម្ងាត់មួយ បានលាតត្រដាងឲ្យដឹងថា ស្មាតហ្វូន P1 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android នេះត្រូវបានអភិវឌ្ឍន៍ឡើងដោយវិស្វករជំនាញរបស់ក្រុមហ៊ុន Infocus/Sharp។ បើនិយាយពី Sharp វិញគឺទាក់ទងដល់ក្រុមហ៊ុន Foxconn ព្រោះ Foxconn បានទិញក្រុមហ៊ុន Sharp កាលពីដើមឆ្នាំនេះក្នុងតម្លៃ ៦,២ពាន់លានដុល្លារអាមេរិក។
ទំនាក់ទំនងរវាងក្រុមហ៊ុន Nokia និង Foxconn ត្រូវបានគេមើលឃើញថាស្អិតរមួតបះស្ទើរតែមិនដាច់ ដូច្នេះគេអាចសន្និដ្ឋានបានថា ស្មាតហ្វូន Nokia P1 អាចត្រូវបាន Nokia ប្រគល់ការផលិតទៅឲ្យក្រុមហ៊ុន Foxconn ជាអ្នកទទួលបន្ទុក ស្របពេលដែលនាយកប្រតិបត្តិ Nokia បញ្ជាក់ថា ក្រុមហ៊ុននឹងវិលត្រឡប់មកកាន់ទីផ្សារទូរស័ព្ទចល័តវិញនៅក្នុងពេលឆាប់ខាងមុខនេះ ជាមួយនឹងដៃគូរសហការដ៏មានឥទ្ធិពល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តឲ្យទៅ Microsoft ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក កាលពីខែមេសា ឆ្នាំ២០១៤ ហើយបើយោងតាមកិច្ចព្រមព្រៀងគឺ Nokia ពុំមានសិទ្ធិផលិតទូរស័ព្ទដៃថ្មីក្រោមស្លាកសញ្ញា Nokia រហូតដល់ត្រីមាសទី៣ ឆ្នាំ២០១៦ ដូច្នេះមានន័យថា ព័ត៌មានខាងលើអាចជាការពិត៕
មតិយោបល់