នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Apple បានចាប់ផ្តើមដំឡើងផ្លាកសញ្ញាព្រឹត្តិការណ៍ជំនួបក្រុមអ្នកអភិវឌ្ឍ កម្មវិធីពិភពលោក WWDC ឆ្នាំ ២០១៧ ជាបណ្តើរៗហើយ។ ព្រឹតិ្តការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃចន្ទ ទី ៥ ដល់ ៩ មិថុនា នាទីក្រុង San Joe រដ្ឋ California សហរដ្ឋអាមេរិក។
Apple តែងប្រើវេទិកា WWDC ដើម្បីបើកបង្ហាញប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីសំខាន់ៗរបស់ខ្លួន។ សម្រាប់ឆ្នាំខ្លះ ក្រុមហ៊ុនក៏មានការប្រកាសចេញផលិតផលថ្មីៗផងដែរ។ WWDC 2017 នឹងចាប់ផ្តើមនៅម៉ោង ១២ យប់ ម៉ោងក្នុងប្រទេសកម្ពុជា។
ខាងក្រោម គឺជាអ្វីដែលគេរំពឹងទុកពីព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ ដោយយោងតាមប្រភព និងព័ត៌មានចចាមអារ៉ាមផ្សេងៗដែលបានទម្លាយចេញកន្លងមក៖
១– iOS 11
- អេក្រង់អាចកំណត់ឱ្យវាលោតខ្មៅទាំងស្រុង
- មុខងារជំនួយការសំឡេងឌីជីថលនឹងកាន់តែវៃឆ្លាត
- កម្មវិធី iMessage និង FaceTime មានដាក់បន្ថែមមុខងារថ្មីៗ គួរឱ្យទាក់ទាញជាច្រើន
- ប្រព័ន្ធទូទាត់ប្រាក់ Apple Pay នឹងមានការធ្វើបច្ចុប្បន្ន អាចប្រើប្រាស់បានកាន់តែទូលំទូលាយ
- នឹងមានមុខងារពិសេសសម្រាប់ប្រើជាមួយ iPad បន្ទាប់ពីវាពុំមានការកែប្រែអ្វីធំដុំជាមួយ iOS 10។
២– MacOS 10.13
- នឹងងជាប្រព័ន្ធប្រតិបត្តិការជំនាន់បន្ទាប់សម្រាប់បំពាក់លើកុំព្យូទ័រលើតុ និងយួរដៃរបស់ Apple
- មានបន្ថែមមុខងារ និងកម្មវិធីសម្រាប់ប្រើភ្ជាប់ទៅមកជាមួយ iOS Devices កាន់តែច្រើន។
៣– WatchOS 4 និង TVOS 11
- ប្រព័ន្ធប្រតិបត្តិលើនាឡិកាដៃបច្ចេកវិទ្យា នឹងចេញជំនាន់ថ្មីនេះ ដោយមានការផ្តោតបន្ថែមលើមុខងារគាំពារសុខភាពតាមប្រព័ន្ធឌីជីថល។ វាអាចនឹងបន្ថែមមុខងារតាមដានជាតិស្ករក្នុងឈាម ឬហៅថាក្លុយកូស ឬមុខងារតាមដានដំណេក ជាដើម
- ប្រព័ន្ធប្រតិបត្តិលើទូរទស្សន៍ជំនាន់ថ្មីនេះ នឹងគាំទ្រមាតិកាវីដេអូរបស់ក្រុមហ៊ុន Amazon និង Vudu។
៤– ផលិតផលពិសេសថ្មីៗ
- iPad អេក្រង់ ១០.៥ អីុញ និង iPad Pro ជំនាន់ទីពីរ
- MacBook ស៊េរីថ្មី និងកុំព្យូទ័រលើតុ iMac ជំនាន់ថ្មី ដែលបានបាត់មុខតាំងពីឆ្នាំ ២០១៥
- ឧបករណ៍បំពងសំឡេងបំពាក់មុខងារ Siri អាចបញ្ជាតាមសំឡេង
- AppleTV ថ្មី អាចគាំទ្រវីដេអូកម្រិត 4K៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់