ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Samsung បត់ ដើរដោយ Android ក្នុងសៀវភៅណែនាំ

ក្រោយពីលេចឮព័ត៌មានចចាមអារ៉ាមជាបន្តបន្ទាប់ថា Samsung នឹងផលិតចេញទូរសព្ទដៃប្រភេទបត់ជាបន្តបន្ទាប់ ឥឡូវនេះ ស្រាប់តែរូបភាពរបស់វានៅក្នុងសៀវភៅណែនាំ ភ្ជាប់មកជាមួយប្រអប់ទូរសព្ទត្រូវបានបង្ហាញឡើង ដែលនេះ គឺសរបញ្ជាក់ថា វាជិតដល់ពេលប្រកាសចេញហើយ។

តាមប្រភពព័ត៌មានបែកធ្លាយចុងក្រោយបំផុតនេះ ទូរសព្ទដៃ Samsung ប្រភេទបត់ដែលមានលេខ​សម្គា​ល់​ម៉ូឌែល SM-G9298 នឹងមានបំ​ពាក់អេក្រង់ពីរ ទំហំ ៤.២ អីុញ និងខ្នាតបញ្ចាំងរូបភាព ១០៨០x១៩២០ ភិច​សែលដូចគ្នា ដោយមួយនៅខាងក្រៅ និងមួយទៀតនៅខាងក្នុង។ ក្រៅពីនេះ វាប្រើប្រាស់បន្ទះឈីប Snapdragon 821 ជាមួយ CPU ប្រភេទ Octa-core និងបន្ទះ GPU ប្រភេទ adreno 540 ដែលសុទ្ធតែជា Hardware ជំនាន់ថ្មីៗ ដែលប្រកបដោយថាមពលដំណើរការខ្ពស់ អមដោយ RAM ទំហំ ៤ ជីហ្គាបៃយ៍ និងអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍។

SM-G9298 ក៏នឹងមានដែរកាមេរ៉ាមុខសម្រាប់ថតរូប Selfie ទំហំ ៥ មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចសែល ប្រើប្រាស់ថ្មថាមពល ២៣០០ មីល្លីអំព៊ែរ និងប្រព័ន្ធ Android 6.0.1 ចេញពីប្រអប់។
យោងតាមប្រភពដដែល ទូរសព្ទដែលអាចជាស្មាតហ្វូនប្រភេទបត់ដំបូងបង្អស់នេះ នឹងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ ហើយវានឹងបង្ហាញវត្តមាននាពេលឆាប់ៗខាងមុននៅក្នុងតំបន់អាស៊ី។

គួររំឭកថា កាលពី ១០ ឆ្នាំមុន Samsung គឺជាស្តេចទូរសព្ទបត់ ដែលនរណាៗក៏សរសើរពីរចនាបទដ៏សម្បូរបែបរបស់វានោះដែរ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចូលចិត្តប្រើទូរសព្ទដៃប្រភេទបត់ នេះគឺជាដំណឹងដ៏គួរឱ្យរីករាយមួយ៕

ប្រភពព័ត៌មាន:Samsung,MobileXpose

មតិយោបល់