បន្ទាប់ពីស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការ Windows បរាជ័យក្នុងទីផ្សារស្មាតហ្វូន ប្រធានក្រុមហ៊ុន Microsoft គឺលោក Bill Gates បានសម្រេចចិត្តប្តូរទូរសព្ទស៊េរី Windows Phone ចេញ ហើយងាកមកប្រើទូរសព្ទដើរដោយប្រព័ន្ធ Android វិញ ដោយមិនជ្រើសយកទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple។ នេះបើយោងតាមការថ្លែងរបស់លោកប្រាប់សារព័ត៌មាន Fox News នៅថ្ងៃអាទិត្យមុន។
ទោះជាយ៉ាងណា លោក Gates បាននិយាយថា គាត់នៅតែបញ្ចូលកម្មវិធីរបស់ Microsoft ជាច្រើន ដើម្បីប្រើលើទូរសព្ទរបស់គាត់ដដែល។ បន្ថែមពីលើនេះ នៅពេលដែលគេសួរថា តើទូរសព្ទទីពីររបស់លោកគឺជា iPhone ឬ? លោកក៏ឆ្លើយថា «ទេ! ខ្ញុំគ្មាន iPhone ទេ»។
យ៉ាងណាក៏ដោយ មហាសេដ្ឋីលេខមួយលើលោករូបនេះមិនបានបង្ហើបប្រាប់ថា តើស្មាតហ្វូន Android ដែលលោកទើបតែប្តូរប្រើនោះ គឺជាម៉ូឌែលអ្វីនោះទេ។
គួររំឭកថា នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Microsoft បានចំណាយលុយ ៧.២ ពាន់លានដុល្លារ ដើម្បីទិញយកអាជីវកម្មស្មាតហ្វូន Lumia របស់ក្រុមហ៊ុន Nokia។ ពីរបីឆ្នាំក្រោយមក បើទោះបីជាក្រុមហ៊ុនខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធរបស់ខ្លួនឱ្យឡើងដល់ Windows 10 ក៏ដោយ ក៏ពុំទទួលបានលទ្ធផលផ្លែផ្កាអ្វីដែរ ដោយមកទល់ឆ្នាំ ២០១៦ ទូរសព្ទ Windows Phone ទទួលបានចំណែកទីផ្សារសកលមិនដល់ ១% ផង៕
ប្រភពព័ត៌មានៈ bbc
មតិយោបល់