ព័ត៌មានបច្ចេកវិទ្យា

នេះគឺជា Tesla Model 3 ចេញពីរោងចក្រមុនគេ ហើយវាប្រណិតមិនចាញ់ឡានសាំង!

ថៅកែក្រុមហ៊ុន Tesla គឺលោក Elon Musk បានបញ្ចេញរថយន្តដើរដោយថាមពលអគ្គិសនីទើបផលិតចេញពីរោងចក្រដំបូងបង្អស់របស់ខ្លួន Model 3 តាមរយៈរូបថតពីរសន្លឹកបង្ហោះនៅលើទំព័រ Twitter របស់លោកនៅថ្ងៃម្សិលមិញ ហើយវាពិតជាស្រស់សង្ហារ និងប្រណិតមែន។

លោកនិយាយថា ចង្វាក់ផលិតកម្មរបស់រថយន្តដើរដោយថាមពលអាគុយស៊េរីថ្មីនេះ​ នឹងចាប់ផ្តើមនៅសប្តាហ៍ខាងមុខ ហើយអតិថិជនចំនួន ៣០ នាក់ដំបូងដែលបានកម្ម៉ង់ទិញវាទុកមុន នឹងទទួលបានរថយន្តរបស់ពួកគេនៅឯពិធីជប់លៀងមួយនៅថ្ងៃទី ២៨។ បន្ទាប់ពីនោះ ផលិតកម្មរបស់វានឹងបង្កើនដល់ ១០០ គ្រឿងនៅក្នុងខែសីហា និង ១,៥០០ គ្រឿង នៅខែកញ្ញា ហើយបន្ទាប់មក នឹងបង្កើនដល់ ២០,០០០ គ្រឿង នៅខែវិច្ឆិកា។

រថយន្តអគ្គិសនីដ៏ប្រណិត និងដ៏ទំនើបស៊េរីថ្មីនេះ ពុំមានស្លាកតម្លៃជាក់លាក់នៅឡើយទេ ដែលនេះវាប្រហែលអាស្រ័យទៅតាមជម្រើសសមត្ថភាពផ្សេងៗរបស់វាដែលអតិ​ថិជនត្រូវការ ប៉ុន្តែ តាមការប្រកាស Tesla Model 3 មានតម្លៃចាប់ពី ៣៥,០០០ ដុល្លារ (តម្លៃលក់ក្នុងតំបន់) ហើយវាអាចរត់បានចម្ងាយយ៉ាងហោចណាស់ជិត ៣៥០ គីឡូម៉ែត្រ បន្ទាប់ពីសាកអាគុយបំពេញម្តងៗ៕

ប្រភពព័ត៌មានៈ theverge

 

 

មតិយោបល់