បច្ចេកវិទ្យា 3D Sensor ដែលក្រុមហ៊ុនអាមេរិក Apple យកទៅបំពាក់លើ iPhone X កំពុងក្លាយជាគោលដៅថ្មីមួយ ជំរុញឱ្យមានការប្រណាំងប្រជែងពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនដើរដោយប្រព័ន្ធ Android របស់ប្រទេសចិន។
យោងតាមប្រភពព័ត៌មានពីគេហទំព័រ Android Headline បង្ហោះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Oppo និង Xiaomi គ្រោងនឹងបំពាក់មុខងារ 3D Sensor ទៅលើស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនក្នុងឆ្នាំ ២០១៨។
គេហទំព័រដដែលបានលើកឡើងបន្ថែម ដោយយោងទៅតាមប្រភពស្និទ្ធនឹងក្រុមហ៊ុនចិនទាំងពីរថា ប្រព័ន្ធបច្ចេកវិទ្យា 3D នោះ នឹងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Himax Technologies និង Qualcomm ហើយនឹងផលិតដោយក្រុមហ៊ុន Truly Opto-Electronics។ បន្ទាប់មក វាគ្នឹងច្របាច់បញ្ចូលក្នុងទូរសព្ទលំដាប់ថ្នាក់ខ្ពស់ផុតលេខមួយចំនួនរបស់ក្រុមហ៊ុនឱ្យបានមុនពាក់កណ្តាលឆ្នាំ ២០១៨។
ប្រភពដដែលបានគូសបញ្ជាក់ថា បច្ចេកវិទ្យា 3D Sensor នោះដែរ គឺក្រុមហ៊ុនបង្កើតវាឡើងដើម្បីបង្កើនភាពលេចធ្លោ និងសមត្ថភាពពិសេសផ្តាច់មុខលើស្មាតហ្វូនរបស់ខ្លួន ធៀបទៅនឹងស្មាតហ្វូន Android ក្រុមហ៊ុនដទៃ ដែលកំពុងកើនចំនួនឡើងឥតឈប់ឈរលើទីផ្សារ។
ដោយឡែកក្រុមហ៊ុន Huawei ក៏ត្រូវគេជឿថា កំពុងធ្វើការទៅលើបច្ចេកវិទ្យា 3D នេះ សម្រាប់ផលិតផលឧបករណ៍ចល័តរបស់ខ្លួនផងដែរ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Sunny Optical Technology។ ប៉ុន្តែ គេពុំទាន់ទទួលបានដំណឹងច្បាស់ការថា តើក្រុមហ៊ុននឹងចេញវានៅពេលណា សម្រាប់ស្មាតហ្វូនស៊េរីណានៅឡើយទេ៕
មតិយោបល់