ព័ត៌មានបច្ចេកវិទ្យា

ផ្លូវការហើយ! Galaxy S8/S8+ បំពាក់អាវុធទំនើបកប់ ៥ ធឺ បើ Apple គ្មានអីទប់ទល់ច្បាស់ជា…!

ទីបំផុតទៅ ទូរសព្ទដៃទំនើបលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ស៊េរីថ្មី Galaxy S8 និង S8+ ត្រូវបានបើកបង្ហាញជាផ្លូវការហើយ កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍ Samsung Unbox 2017 នាទីក្រុងញូយ៉ក។ ក្រោយពីជួបវិបត្តិថ្ម Note 7 ដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុន និងមិនខុសគ្នាប៉ុន្មានពីព័ត៌មានបែកធ្លាយកន្លងមក ក្រុមហ៊ុន Samsung ពិតជាបញ្ចេញអាវុធទំនើបៗលំដាប់កំពូលជាច្រើនមែន តាមរយ:ត្រកូល Galaxy S ជំនាន់ទី ៨ នេះ។ ក្នុងចំណោមនោះ គឺមានអាវុធ ៥ ធឺ ដែលទំនើបកប់ទូរសព្ទ iPhone 7 និង 7 Plus របស់ក្រុមហ៊ុន Apple ដែល Post Tech សូមលើកយកមកបង្ហាញដូចតទៅ៖

អាវុធទី ១– អេក្រង់លាតធំស្ទើរគ្មានស៊ុម

នេះគឺជាចំណុចទាក់ទាញខ្លាំងបំផុតរបស់ Galaxy S8 និង S8+។ ផ្ទៃអេក្រង់លាតសន្ទឹងស្ទើរតែគ្មានស៊ុម ចំណែកគែមសងខាងរបស់វា គឺរាងកោងខុបចុះ មិនសូវខុសពីអេក្រង់ Galaxy ស៊េរី Edge ប៉ុន្មានឡើយ។ បន្ថែមពីនេះ វាត្រូវបានបង្កើនខ្នាតបញ្ចាំងរូបភាពរហូតដល់ ២៩៦០ x ២៤០០ ភិចសែល​ (WQHD+) ដែលផ្តល់នូវរូបភាពកាន់តែល្អប្រណិតលើផ្ទៃអេក្រង់។ ម្យ៉ាងទៀត ជាមួយរចនាបទថ្មីនេះ វាក៏ជួយឱ្យម៉ូឌែលថ្មីទាំងពីរ ដែលបំពាក់អេក្រង់កាន់តែធំពោលគឺ ៥.៨ អីុញ និង ៦.២ អីុញ មានទំហំកាន់តែតូច នៅតែអាចចាប់កាន់ក្នុងដៃម្ខាងបានយ៉ាងងាយ។ ដោយឡែក បើប្រៀបធៀបកម្រិតភាពច្បាស់ជាមួយ iPhone 7/ 7 Plus គឺ Galaxy S8/ S8+ ធំជាងដល់ទៅ ២ ដងឯណោះ​។​​

អាវុធទី ២– ប្រព័ន្ធសន្តិសុខគ្រប់ច្រកល្ហក

ជាមួយ Galaxy ស៊េរី S8 វាមិនត្រឹមតែបំពាក់បច្ចេកវិទ្យាថតសម្គាល់ប្រស្រីភ្នែក (iris scan) នោះទេ ប៉ុន្តែ ក៏មានដែរបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ (facial recognition) និងស្គេនក្រយៅដៃ (fingerprint) ដែលត្រូវបានផ្លាស់ប្តូរទីតាំងពីខាងមុខទៅខាងក្រោយ ឋិតនៅផ្នែកខាងស្តាំកាមេរ៉ា។ ទាំងនេះ គឺជាការផ្តល់នូវបទពិសោធន៍ថ្មីថែមមួយកម្រិតទៀតពីក្រុមហ៊ុន Samsung ទៅលើប្រព័ន្ធសន្តិសុខទូរសព្ទចល័ត លើសពីក្រុមហ៊ុន Apple ដែលមានត្រឹម fingerprint ប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់អាចការពារសន្តិសុខសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនក្នុងទូរសព្ទបានគ្រប់ជ្រុងជ្រោយ និងគ្រប់ពេល។

អាវុធទី ៣– មានជំនួយការសំឡេងឌីជីថល Bixby ដ៏សែនឆ្លាត

Bixby គឺជាជំនួយការសំឡេងឌីជីថលផ្ទាល់ខ្លួនដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Samsung ហើយវាកើតចេញក្រោយពីការប្រកាសទិញយកនូវបច្ចេកវិទ្យា Viv ពីក្រុមអ្នកបង្កើតកម្មវិធី Siri ដែល Apple បានទិញយកទៅបំពាក់លើផលិត​ផលទូរសព្ទរបស់ខ្លួនក្នុងឆ្នាំ ២០១២។ វាមានសមត្ថភាពវៃឆ្លាតពិសេសលើសពីមុខងារ Siri ជាច្រើន ដូចជា អាចសិក្សាដឹងពីមាតិកាព័ត៌មានរបស់អ្នកប្រើប្រាស់ និងអាចសម្គាល់ដឹងវត្ថុក្នុងរូបភាពដោយគ្រាន់តែបើកកាមេរ៉ាតម្រង់លើរូបនោះ ជាដើម។ល។ ពោលគឺ វាចេះនិយាយ ចេះមើល ចេះណែនាំផ្តល់យោបល់ និងក្រើនរំឭក។

អាវុធទី ៤– អាចប្រើជាមួយវ៉ែនតា និងកាមេរ៉ា ៣៦០

Galaxy S8 និង S8+ ត្រូវបានប្រកាសចេញជាមួយវ៉ែនតា VR និងកាមេរ៉ា ៣៦០ ជំនាន់ថ្មី ដែលអាចប្រើភ្ជាប់ជាមួយទូរសព្ទដើម្បីថតវីដេអូប្រភេទរង្វិលជុំ ៣៦០ ដឺក្រេ បង្ហោះផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook និង YouTube ឬក៏ប្រើសម្រាប់ទស្សនាវីដេអូ និងលេងហ្គេម VR បាន។ ក្រៅពីនេះ វាក៏មានភ្ជាប់មកជាមួយឧបករណ៍បញ្ជាឥតខ្សែតូចមួយទៀតផង។

អាវុធទី ៥– បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែថ្មី

ខណ:ដែលក្រុមហ៊ុន Apple ពុំទាន់បញ្ចេញនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែនៅឡើយនោះ ក្រុមហ៊ុន Samsung បានឈានទៅដល់ការបង្កើតចេញនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មីមួយទៀត ដែលអាចសាកបំពេញថាមពលថ្មទូរសព្ទបានកាន់តែរហ័ស និងយ៉ាងងាយស្រួល។ ឆ្នាំសាកឥតខ្សែនោះ មានរូបរាងជាជើងទម្រមូលមួយ អាចផ្ទេរប​ន្ទុកថាមពលអគ្គិសនីចូលទៅថ្មរបស់ទូរសព្ទបានយ៉ាងឆាប់រហ័សដោយគ្រាន់តែដាក់ទូរសព្ទពីលើវា។

គួរបញ្ជាក់ថា Galaxy S8 និង S8+ ក៏មានភ្ជាប់មកជាមួយសមត្ថភាព Software និង Hardware ដែលមានថាមពលកាន់តែខ្លាំង ជាច្រើនផ្សេងទៀតផងដែរ ជាអាទិ៍ កាមេរ៉ាក្រោយបំពាក់នូវអង្គញាណកាមេរ៉ាប្រើប្រាស់បច្ចេកវិទ្យា Dual-Pixel ទំហំ ១២ មេហ្គាភិចសែល ប្រើបន្ទះឈីបជំនាន់ 10nm និងប្រព័ន្ធ Bluetooth v5 មុនដំបូងគេបង្អស់ បច្ចេកវិទ្យាការពារទឹក និងធូលី ជាដើម។ល។ ដែលទាំងអស់នេះ ក៏ជាអាវុធទំនើបៗទើបអភិវឌ្ឍឡើងសម្រាប់យកប្រៀបលើគូប្រកូតរបស់ក្រុមហ៊ុនផងដែរ ជាពិសេសគឺ Apple តែម្តង។​ ម្លោះហើយ បើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ គ្មានអាវុធអ្វីថ្មីគួរឱ្យទាក់ទាញយកមកទប់ទល់ទេនោះ ច្បាស់ជានឹងត្រូវចាញ់ក្រោមដៃក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េជាមិនខាន៕

មតិយោបល់