ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗដោយមន្រ្តីគយនៅក្នុងប្រទេសចិន នៅប៉ុន្មានថ្ងៃមុននេះ ខណៈកំពុងព្យាយាមនាំយកទូរសព្ទ iPhone រហូតដល់ទៅ ១០២ គ្រឿង ឆ្លងដែនចូលទៅក្នុងប្រទេស តាមរយៈការលាក់នៅក្នុងរាងកាយ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានចេញផ្សាយនៅលើគេហទំព័រ 9to5Mac។
ឈ្មួញរត់ពន្ធ iPhone រូបនេះ ដែលត្រូវបានគេផ្តល់រហ័សនាមយថា “Iron Man” ឬប្រែថា “មនុស្សដែក” ត្រូវមន្រ្តីគយប្រចាំការនៅឯព្រលានយន្តហោះទីក្រុង Shenzhen កត់សង្ស័យទៅលើការស្លៀកពាក់របស់នាងដែលមើលទៅហាក់ដូចជាប៉ោងខុសធម្មតា ហើយបន្ទាប់ពីចាប់ឃាត់ខ្លួនដើម្បីឆែកមើល ក៏រកឃើញ iPhone ចំនួនរហូតដល់ ១០២ គ្រឿង លើដងខ្លួន និងចង្កេះ រំដោយថង់ផ្លាស្ទិក មានទម្ងន់សរុបជាង ២២ គីឡូក្រាម។
លើសពីនេះទៅទៀត ក្រៅពី iPhone មន្រ្តីគយក៏បានឆែករកឃើញស្រ្តីរូបនោះ មានលាក់នាឡិកាដៃប្រណិតៗ ១៥ គ្រឿងផ្សេងទៀតក្នុងខ្លួនផងដែរ ហើយបើគិតជាទឹកប្រាក់សរុប គឺមានប្រមាណជិត ១០ មឺុនដុល្លារអាមេរិក។
បើទោះបីជា ទូរសព្ទដៃ iPhone របស់ក្រុមហ៊ុន Apple បាននិងកំពុងមានវត្តមាននៅលើទីផ្សារប្រទេសចិន ជាច្រើនឆ្នាំមកហើយក្តី ក៏ការរត់ពន្ធលើផលិតផលដ៏ពេញនិយមមួយប្រភេទនេះ នៅតែបន្តកើតមានជាហូរហែ ដោយសារតែវាជាជំនួញមួយចានទឹក មួយចានគោក។
មូលហេតុគឺ ដោយសារតែ iPhone នាំចូលស្របច្បាប់ទៅកាន់ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោកនេះ មានតម្លៃខ្ពស់ជាងតម្លៃធម្មតាដល់ទៅ ៣០% ដោយសារជាប់កាតព្វកិច្ចពន្ធនាំចូល និងពន្ធបន្ទាប់បន្សំផ្សេងៗ ដែលកំណត់ដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា កន្លងមក ក៏មានដែរការលួចលាក់ដាក់នាំយកទូរសព្ទ iPhone តាមខ្លួនដើម្បីគេចពន្ធចូលទៅកាន់ប្រទេសចិន ប៉ុន្តែ មិនមានចំនួនច្រើនលើសលុបបែបនេះនោះទេ គឺច្រើនបំផុតមានត្រឹមតែ ៨០ គ្រឿងប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់