កាន់តែជឿទុកចិត្តថែមមួយកម្រិតទៀតហើយ ជាមួយព័ត៌មានចចាមអារ៉ាមដែលថា iPhone 8 នឹងបំពាក់កាមេរ៉ាក្រោយភ្លោះរៀងបញ្ឈរនោះ គឺបន្ទាប់ពីរូបភាពថ្មីមួយត្រូវបានទម្លាយឱ្យឃើញពីតួម៉ាស៊ីនខាងក្នុងរបស់ទូរសព្ទមួយ ដែលគេអះអាងថាជារបស់ទូរសព្ទដៃលំដាប់កំពូលនៃក្រុមហ៊ុន Apple ប្រចាំឆ្នាំ ២០១៧ នេះ។
យោងតាមរូបភាពមួយសន្លឹកនោះ ដែលបានបែកធ្លាយកាលពីម្សិលមិញស្តែងឱ្យឃើញពីជើងកាមេរ៉ាផ្នែកខាងក្នុងម៉ាស៊ីនដល់ទៅមួយគូ បំពាក់នៅជ្រុងខាងលើផ្នែកខាងស្តាំ ដូចជាកាមេរ៉ារបស់ iPhone 7 Plus អីចឹងដែរ ប៉ុន្តែ ខុសត្រង់វារៀងបញ្ឈរ ឯ 7 Plus រៀងផ្តេក។
តាមរយៈរូបភាពថ្មីនេះ គឺស៊ីគ្នាទៅនឹងរូបភាពពុម្ពទូរសព្ទរបស់ iPhone 8 ដែលបានបែកធ្លាយកន្លងមក ដែលនាំឱ្យគេកាន់តែផ្តោតចិត្តថា ស្មាតហ្វូនដែលនឹងមានតម្លៃលើសពី ១០០០ ដុល្លារនេះ ពិតជានឹងបំពាក់កាមេរ៉ារៀងដូច្នេះមែន។
ទោះយ៉ាងណា សម្រាប់លោកអ្នកដែលចាប់អារម្មណ៍នឹងលក្ខណៈសម្បត្តិទូរសព្ទ iPhone 8 នេះ ហើយចង់បានវាមកប្រើក្នុងដៃ ប្រហែលជាត្រូវរងចាំយូរបន្តិចហើយ ពីព្រោះវាត្រូវគេអះអាងថា ក្រុមហ៊ុន Apple នឹងត្រូវពន្យាពេលក្នុងការចែកចាយលក់លើទីផ្សារ ពោលគឺ វានឹងមិនចេញដំណាលគ្នានឹង iPhone 7s និង 7s Plus នោះទេ៕
ប្រភពព័ត៌មានៈBenjamin Geskin
មតិយោបល់