ព័ត៌មានបច្ចេកវិទ្យា

Apple ទើបបញ្ចេញ iOS 11 ជំនាន់សាកល្បងទី​ ៤ យប់មិញ ជាមួយការផ្លាស់ប្តូរថ្មី លើចំណុចមួយចំនួន

ក្រុមហ៊ុន Apple ទើបបានដាក់ចេញកំណែប្រព័ន្ធ iOS 11 ជំនាន់សាកល្បងទី៤ (beta4) កាលពី​យប់​មិញនេះ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី។ វាបានពាំនាំមកជាមួយការផ្លាស់ប្តូរផ្ទាំង Notification Center និង Lock Screen ព្រមទាំងរូបតាងមុខងារ និងកម្មវិធីមួយចំនួន ធៀបទៅនឹងជំនាន់សាកល្បងមុនៗ ខណៈការប្រកាសចេញជំនាន់សម្រេចរបស់វា ដែលគេរំពឹងថានឹងធ្វើឡើងក្នុង​ខែកញ្ញា ទន្ទឹមនឹងវត្តមានរបស់ iPhone ស៊េរីឆ្នាំ ២០១៧។

  • រូបតាងកម្មវិធីថ្មី (New icons): រូបតំណាងកម្មវិធី Contacts, Notes, និង​ Reminders ត្រូវបានកែលំអរ។ ក្នុងនោះ រូបតាងកម្មវិធី Reminders ត្រូវបានប្តូរចំណុចមូលៗពីខាងឆ្វេងមកខាងស្តាំ ហើយរូបតាងកម្មវិធី Contacts ត្រូវបានដាក់រូបមនុស្សស្រីចូលបន្ថែម។​ ចំណែករូបតាងកម្មវិធី Contacts ក្នុងកម្មវិធី Settings ក៏មានការផ្លាស់ប្តូរផងដែរ ខណៈរូបតាងកម្មវិធី Reminders និង Notes រក្សានៅដដែល។
  • ផ្ទាំងផ្តល់ដំណឹង Notification Center: លោកអ្នកអាចទាញប្រអប់សារមួយទៅខាងឆ្វេងនៅពេលអេក្រង់កំពុងជាប់សោ ដើម្បីចូលទៅកាន់ជម្រើសលុបវាចេញ (clear) ឬបើកវាមើល (view)។ នៅពេលលោកអ្នកជ្រើសរើស​ ឬប៉ះលើ view វានឹងលោតចេញផ្ទាំងថ្មីមួយណែនាំឱ្យលោកអ្នកប្រើប្រាស់ Touch ID ដើម្បីបើកសោចូលទៅកាន់កម្មវិធីខាងក្នុងរបស់វា។ លើនោះដែរ ប្រសិនបើលោកអ្នកអូស ឬរុញប្រអប់ដំណឹងមួយទៅខាងស្តាំ វាក៏នឹងបើកចូលទៅកាន់កម្មវិធីខាងក្នុងរបស់វាដែរ ហើយបើរុញមកខាងឆ្វេងឱ្យផុត វានឹង​លុបសារដំណឹងនោះចេញពីផ្ទាំង Notification Center ដោយស្វ័យប្រវត្តិតែម្តង ដោយមិនចាំបាច់​ចុច​លើប៊ូតុង clear ឡើយ។
  • ក្នុងកម្មវិធី Settings
    1. Capacity: នៅក្នុងផ្នែក General ក្នុងកម្មវិធី Settings ពេលចុចចូលក្នុង About លោកអ្នកនឹងឃើញព័ត៌មានស្តីពី Capacity (សមត្ថភាព) របស់ទូរសព្ទ បង្ហាញតួលេខសរុបនៃទំហំផ្ទុកទិន្នន័យរបស់វាពេញលេញតែម្តង ខុសពីជំនាន់មុនៗដែលបង្ហាញតែទំហំនៅទំនេរ។
  • AirDrop: នៅខាងក្រោមផ្នែក General មានជំពូក AirDrop ថ្មីមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការបិទវា (Receiving Off), កំណត់សម្រាប់អ្នកមានឈ្មោះក្នុងកម្មវិធី Contacts (Contacts Only) និងកំណត់បើកសម្រាប់គ្រប់គ្នា (Everyone) ខុសពីជំនាន់មុនៗ ដែលវាមានបានតែនៅលើ Control Center។
  • Accounts & Passwords: រូបតាងកូនសោរបស់វាត្រូវបានកែមកជារៀងបញ្ឈរវិញ
  • រូបតាង WiFi: រូបតាងសេវាអិុនធើណែត WiFi ដែលលេចឡើងនៅរបាអេក្រង់ខាងលើផ្នែកខាងឆ្វេង មានរៀងស្តើងជាងមុន
  • កម្មវិធី AppStore: មានផ្តល់នូវជម្រើសថ្មីមួយដែលអនុញ្ញាតឱ្យលោកអ្នករុញផ្ទាំងកម្មវិធីវាចុះក្រោមដើម្បីធ្វើការ​ Update កម្មវិធីផ្សេងៗក្នុង​ AppStore សារជាថ្មី៕

ប្រភពព័ត៌មានៈ macrumors

មតិយោបល់