ដោយពុំមានលេចឮព័ត៌មានចចាមអារ៉ាមអ្វីជាមុនបន្តិចសោះ ស្រាប់តែក្រុមហ៊ុន HP បើកបង្ហាញកុំព្យូទ័រលើតុប្រភេទ All-in-One ត្រកូល Pavilion ដ៏ថ្មីស្រឡាង មានបំពាក់ CPU ថ្មី និងកាមេរ៉ាអិុនធើណែត សម្រាប់ប្រើប្រាស់នៅតាមសាលា និងគេហដ្ឋាន។
HP Pavilion មានពីរជម្រើសអេក្រង់ ដោយមួយទំហំ ២៤ អីុញ និងមួយទៀតទំហំ ២៧ អីុញ។ តួម៉ាស៊ីន ដែលក្រាលដោយកញ្ចក់ម៉ូនីទ័រលាតធំទូលាយស្ទើរគ្មានស៊ុមរបស់វា ត្រូវបានរចនាឡើងស្តើងជាងម៉ូឌែលមុន ៤០ ភាគរយ ហើយកាមេរ៉ា Webcam របស់វា អាច ភើចចេញចូលបាន ដើម្បីរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់ពីពួក Hacker។
យោងតាមការប្រកាសនៅក្នុងប្លុកមួយរបស់ក្រុមហ៊ុន Pavilion ថ្មីនេះ គឺផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការនាំយកកុំព្យូទ័រប្រភេទលើតុរបស់ខ្លួន ត្រឡប់ទៅកាន់គ្រឹស្ថានអប់រំវិញ។
Pavilion ស៊េរីថ្មីនេះ ប្រើប្រាស់អេក្រង់ប្រភេទប៉ះបញ្ជាដែលមានខ្នាតបញ្ចាំងរូបភាព ១០៨០p មានរន្ធបំពងសំឡេងនៅខាងមុខ ល្មមសាកសមសម្រាប់ការប្រើប្រាស់ក្នុងក្រុមគ្រួសារ និងក្នុងចំណោមសិស្ស និសិ្សតនៅតាមសាលានានា។
ទោះយ៉ាងណា Hardware ខាងក្នុងពុំមានការបង្កើនឱ្យខ្ពស់ខ្លាំងនោះទេ ក្រៅពីប្រើ CPU Intel Core i7 ជំនាន់ចុងក្រោយ GPU AMD Radeon 530 Discrete និងអាចដាក់ RAM ដល់ទៅ ១៦ GB និងអង្គផ្ទុកទិន្នន័យដល់ទៅ ២ TB។
HP Pavilion ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៤៩ ដុល្លារ នៅក្នុងទីផ្សារអាមេរិក។ សម្រាប់ទីផ្សារនៃប្រទេសផ្សេងទៀត ពុំមានការប្រកាសចេញជាផ្លូវការនៅឡើយទេ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់