យោងតាមរបាយការណ៍ពី Financial Times ក្រុមអាជ្ញាធរនៃប្រទេសចិន កំពុងតភ្ជាប់បច្ចេកវិទ្យាថតសម្គាល់ផ្ទៃមុខ រួមជាមួយកម្មវិធីប្រាជ្ញាសិប្បនិម្មិត AI ដើម្បីតាមដានជនណាដែលមានបំណងធ្វើសកម្មភាពឧក្រិដ្ឋ ដោយផ្អែកលើការវិភាគគម្រូឥរិយាបថរបស់ពួកគេ។
ក្រុមហ៊ុនបច្ចេកវិទ្យា Cloud Walk ដែលមានមូលដ្ឋាននៅទីក្រុង Guangzhou បាននិងកំពុងដាក់ដំណើរការប្រព័ន្ធថតសម្គាល់ផ្ទៃដែលអាចតាមដានការបម្លាស់ទីរបស់មនុស្សម្នាក់បាន។ ដោយផ្អែកទៅលើទីកន្លែង និងពេលវេលាដែលមនុស្សនោះទៅ វានឹងធ្វើការបញ្ជូនសញ្ញា ឬព័ត៌មានទៅដល់ទីបញ្ជាការដ្ឋាននូវកម្រិតបទល្មើសដែលបុគ្គលនោះអាចនឹងប្រព្រឹត្តនាពេលខាងមុខ។
ឧទាហរណ៍ ចំពោះមនុស្សម្នាក់ដែលត្រូវបានប្រព័ន្ធតាមឃ្លាំមើលឃើញថា បានទិញកាំបិតចិតបន្លែ នោះវានឹងមិនត្រូវបានចាត់ចូលជាជនសង្ស័យនោះទេ។ ប៉ុន្តែ បើមនុស្សដូចគ្នានោះ ទៅទិញញញួរ និងបាវមួយពេលក្រោយទៀត ប្រព័ន្ធនោះនឹងទាញកម្រិតសង្ស័យទៅលើបុគ្គលនោះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ Cloud Walk ប្រាប់សារព័ត៌មាន Financial Time។
កម្មវិធីរបស់ក្រុមហ៊ុន ត្រូវបានដំឡើងចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ប៉ូលីស នៅក្នុងខេត្ត-ក្រុងជាង ៥០ ហើយវាអាចលោតបង្ហាញមុខសញ្ញាជនសង្ស័យឡើងតាមវីដេអូផ្សាយផ្ទាល់បាន។
កាលពីថ្ងៃអង្គារ ប្រទេសយក្ស ក៏បានប្រកាសផងដែរថា ខ្លួនគ្រោងនឹងចាយលុយ ១៥០ ពាន់លានដុល្លារអាមេរិក លើឧស្សាហកម្មនៃបច្ចេកវិទ្យា AI មុនបំណាច់ឆ្នាំ ២០៣០។ ដូច្នេះ គេពុំចាំបាច់សង្ស័យទេថា តើមហាយក្សអាស៊ីមួយនេះ នឹងអភិវឌ្ឍបញ្ញាសិប្បនិម្មិតដើម្បីទប់ស្កាត់បទល្មើសក្នុងផ្ទៃប្រទេសកម្រិតណានោះ។
គួរបញ្ជាក់ថា ចិន មិនមែនជាប្រទេសទីមួយដែលប្រើប្រាស់បច្ចេកវិទ្យានេះនោះទេ ពោលគឺ វាត្រូវបានគេប្រើប្រាស់ឱ្យតាមព្យាករណ៍ជនដែលគ្រោងប្រព្រឹត្តបទឧក្រិដ្ឋនៅតាមទីក្រុងផ្សេងៗដូចជា Los Angeles និង Milan ជាច្រើនឆ្នាំមកហើយ។
ប្រភពព័ត៌មានៈ mashable
មតិយោបល់