ជាការពិតណាស់ ស្មាតហ្វូនបានចូលខ្លួនមកធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យបច្ចុប្បន្ន និងកំពុងធ្វើឱ្យជីវិតរបស់ពួកគេកាន់តែងាយស្រួល។ មានតែស្មាតហ្វូនដែលអាចភ្ជាប់អិុនធើណែតមួយក្នុងដៃ គឺគ្មានឡើយពាក្យថាវង្វេងផ្លូវនោះ។ ស្មាតហ្វូនអាចប្រាប់តម្រាយផ្លូវពីគោលដៅមួយទៅមួយបានយ៉ាងច្បាស់លាស់។ មិនតែប៉ុណ្ណោះ វាក៏អាចកត់ត្រា ឬថតចម្លងទុកនូវអ្វីដែលត្រូវការចាំបាច់សម្រាប់កិច្ចការងាររៀនសូត្រ និងប្រើជាឧបករណ៍ទំនាក់ទំនង ឬសិក្សាស្រាវជ្រាវដ៏សម្បូរបែប ជាដើម។ល។
តែទន្ទឹមនឹងការផ្ទុះឡើងនៃវត្តមានស្មាតហ្វូននាប៉ុន្មានឆ្នាំចុងក្រោយនេះ មានរបាយការណ៍សិក្សាថ្មីមួយចេញផ្សាយដោយទស្សនាវដ្តី The Atlantic បានលើកឡើងថា ក្មេងជំទង់ដែលរីកធំធាត់ក្នុងសម័យកាលស្មាតហ្វូន (រាប់ចាប់ពីពេលដែល Steve Jobs ប្រកាសចេញ iPhone ជំនាន់ដំបូងក្នុងឆ្នាំ ២០០៧) គឺងាយនឹងធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្ត និងរហូតដល់មានគំនិតចង់សម្លាប់ខ្លួន។
លោក Jean M. Twenge អ្នកចេញអត្ថបទសិក្សារបស់ទស្សនាវដ្តី បានចាត់ទុកក្មេងៗដែលចាប់កំណើតពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១២ ទៅក្នុងក្រុមក្មេងជំនាន់ iGen ដោយសារពួកគេមិនធ្លាប់រស់ដោយគ្មានអិុនធើណែតម្តងណាឡើយក្នុងជីវិត ដែលនាំឱ្យងាយនឹងកើតជំងឺធ្លាក់ទឹកចិត្ត ធុញថប់ ឬតប់ប្រមល់ជាងក្រុមមនុស្សនៃជំនាន់ Millennials (កើតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ ១៩៩០)។
លោក Twenge បានទម្លាក់មូលហេតុនៃបញ្ហាទៅលើស្មាតហ្វូន ដោយសារតែក្មេងវ័យជំទង់ៗទាំងនោះបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬអ្នកដែលឋិតក្នុងវ័យស្របាលៗគ្នារបស់ពួកគេ តាមរយៈប្រព័ន្ធឌីជីថល។ លោកលើកឡើងបន្ថែមថា កាលណាពួកគេចំណាយពេលកាន់តែច្រើនជាមួយស្មាតហ្វូន ពួកគេនឹងចាប់ផ្តើមមានអារម្មណ៍មិនសប្បាយចិត្តក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមនុស្សក្នុងពិភពខាងក្រៅកាន់តែខ្លាំង។
ក្មេងស្រីវ័យ ១៣ ឆ្នាំម្នាក់ ដែលមាន iPhone តាំងពីនាងអាយុ ១១ ឆ្នាំ បាននិយាយថា៖ «យើងគ្មានជម្រើសក្នុងការស្គាល់ជីវិតណាមួយដោយគ្មាន iPhone ឬ iPad នោះទេ»។ នាងបន្ថែមថា៖ «ខ្ញុំគិតថា យើងចូលចិត្តស្មាតហ្វូនរបស់យើង ជាងយើងចូលចិត្តមនុស្សខាងក្រៅ»។
ទស្សនាវដ្តីដដែលបានស្រង់នូវលទ្ធផលសិក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលថា “ក្មេងថ្នាក់ទី ៨ ដែលចំណាយពេលពី ១០ ម៉ោងឡើងទៅក្នុងមួយសប្តាហ៍ លើបណ្តាញសង្គមឌីជីថល គឺទំនងជាមានការមិនសប្បាយចិត្តខ្លាំងជាងក្មេងឋិតក្នុងវ័យដូចពួកគេដែលប្រើបណ្តាញសង្គមតិចតួចជាង ៥៦ ដង” “សម្រាប់ក្មេងដែលចំណាយពេលពី ៦ ទៅ ៩ ម៉ោងក្នុងមួយសប្តាហ៍ គឺទំនងជាកើតការមិនសប្បាយចិត្តច្រើនជាងក្មេងដែលចំណាយពេលតិចជាង ៤៧%” ហើយសម្រាប់ក្មេងដែលចំណាយពេលលើមធ្យមនៅជាមួយមិត្តភក្តិ គឺទំនងជាមានការមិនសប្បាយចិត្តតិចជាង ២០%។
ដូច្នេះ សម្រាប់អ្នកដែលឋិតក្នុងជំនាន់ iGen ត្រូវចងចាំថា “កាលណាក្មេងៗវ័យជំទង់ចំណាយពេលសម្លឹងអេក្រង់ស្មាតហ្វូនកាន់តែច្រើន ពួកគេនឹងងាយកើតជំងឺធ្លាក់ទឹកចិត្តកាន់តែខ្លាំង” ហើយមិនថាអ្នកគឺជាឱពុកម្តាយ ឬជាក្មេងៗក្នុងជំនាន់ iGen នោះទេ នេះគឺជារឿងដ៏សំខាន់ដែលគួរតែដឹង ហើយមិនគួរមើលរំលង៕
ការសិក្សាថ្មី! ចាយពេលលើ Facebook ច្រើនពេក នាំបង្កើនភាពឯកា និងចិត្តច្រណែន
ប្រភពព័ត៌មានៈ phonearena
មតិយោបល់