ព័ត៌មានបច្ចេកវិទ្យា

ការសិក្សាថ្មី! ចាយពេលលើ Facebook ច្រើនពេក នាំបង្កើនភាពឯកា និងចិត្តច្រណែន

Facebook បានជួយលោកអ្នកភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ប៉ុន្តែ ការចំណាយពេលច្រើនពេកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឯកាកាន់តែច្រើន។ នេះបើយោងតាមការសិក្សាថ្មីមួយបានបង្ហាញ។

បើតាមក្រុមអ្នកឯកទេសចិត្តសាស្ត្រមកពីសាកលវិទ្យាល័យ Pittsburgh បានរកឃើញថា «យុវជនវ័យក្មេងម្នាក់ដែលចំណាយពេលនៅលើបណ្តាញសង្គមកាន់តែច្រើន គេមានអារម្មណ៍ថាខ្លួនគេ នៅដាច់ឆ្ងាយម្នាក់ឯងពីសង្គមខាងក្រៅកាន់តែខ្លាំង»។

ការសិក្សាដែលបានបោះផ្សាយលើព្រឹត្តិបត្រ American Journal of Preventive Medicine នេះ បានបន្ថែមថា «ការចំណាយពេលច្រើនពេកលើគេហទំព័របណ្តាញសង្គមដូចជា Facebook ជាដើម អាចនាំឱ្យកើតអារម្មណ៍ច្រណែន និងជឿខុសថា អ្នកដទៃមានជីវិតជោគជ័យ និងរីករាយជាងខ្លួន»។

វេជ្ជបណ្ឌិត Elizabeth Miller ដែលបានចូលរួមក្នុងការសិក្សាបានពន្យល់ថា «យើងមិនទាន់បានដឹងនៅឡើយថា រវាងភាពនៅដាច់ឆ្ងាយពីសង្គមពិត និងការញៀនប្រើបណ្តាញសង្គម មួយណាកើតមុននោះទេ»។

“វាពិតជាអាចទៅរួចដែលថាមនុស្សវ័យក្មេងដែលចាប់ផ្តើមមានអារម្មណ៍ឆ្ងាយឯកោពីសង្គមខាងក្រៅ សម្រេចជ្រើសរើសការចំណាយពេលច្រើននៅលើសង្គមអនឡាញ វាក៏អាចនិយាយបានថា ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមកាន់តែច្រើនម៉ោង នាំឱ្យពួកគេមានអារម្មណ៍ដាច់ឆ្ងាយពីពិភពលោកពិតប្រាកដ ហើយវាក៏អាចជាការរួមបញ្ចូលគ្នានៃកត្តាទាំងពីរផងដែរ។ ប៉ុន្តែ បើភាពឯកោពីសង្គមកើតឡើងមុនដំបូងក្តី ក៏វាហាក់ដូចជាមិនអាចលុបបំបាត់បាន ដោយការចំណាយពេលនៅលើបណ្ដាញសង្គមអនឡាញនោះដែរ សូម្បីតែនៅក្នុងស្ថានភាពសង្គមជាក់ស្តែងផ្សេងៗ”។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកចូលរួមដែលបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមជាងពីរម៉ោងក្នុងមួយថ្ងៃ បានបង្ហាញពីអារម្មណ៍ឯកោក្នុងសង្គមជាងមិត្តភក្តិពួកគេដែលចំណាយតិចជាងកន្លះម៉ោងជារៀងរាល់ថ្ងៃ ដល់ទៅពីរដង។

លោក Brain A.Primack អ្នកដឹកនាំការសិក្សាបាននិយាយថា «នេះគឺជាបញ្ហាសំខាន់មួយចំពោះការសិក្សា ពិព្រោះ បញ្ហាសុខភាពផ្លូវចិត្ត និងការផ្តាច់ខ្លួនពីសង្គមខាងក្រៅ កំពុងឋិតក្នុងកម្រិតមួយកាន់តែខ្ពស់ ក្នុងចំណោមយុវជនវ័យក្មេង»។

“យើងគឺជាធាតុផ្សំនៃសង្គមពីធម្មជាតិ ប៉ុន្តែ និន្នាការសង្គមសម័យទំនើប កំពុងកាត់ផ្តាច់អារម្មណ៍ពួកយើងចេញពីគ្នា ជាជាងការនាំពួកយើងឱ្យរួមគ្នា។ ខណៈបណ្តាញសង្គមផ្តល់ឱកាសកាន់តែងាយស្រួលសម្រាប់ការភ្ជាប់ទំនាក់ទំនងគ្នា តែលោក Brain គិតថាការសិក្សារបស់លោកបានបង្ហាញថា វាប្រហែលមិនមែនដូច្នោះដូចការរំពឹងទុករបស់មនុស្សនោះទេ”។

ការសិក្សាដែលមានការចូលរួមពីយុវជនអាយុចាប់ពី ១៩ ដល់ ៣២ ឆ្នាំ ចំនួន ១៧៨៧ នាក់ នេះ បានប្រើប្រាស់កម្រសំណួរមួយដើម្បីកំណត់ទៅលើការប្រើប្រាស់បណ្តាញសង្គមរបស់ពួកគេ និងបានវាស់ស្ទង់ភាពឯកាពីសង្គមជាក់ស្តែង ដោយប្រើប្រាស់ឧបករណ៍អង្កេតដ៏ប្រាកដប្រជាមួយ។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា បណ្តាញសង្គមអនឡាញកំពុងលុបលើបណ្តាញសង្គមជាក់ស្តែងកាន់តែច្រើនឡើងៗ ខណៈការចំណាយពេលសម្រាប់អន្តរសកម្មភាពក្នុងពិភពពិតប្រាកដកាន់តែតិច៕

អត្ថបទពាក់ព័ន្ធៈ Facebook ធ្វើឱ្យអ្នកមានចិត្តច្រណែន និងមិនសប្បាយចិត្ត កើតទុក្ខព្រួយកាន់តែខ្លាំង

ប្រភពព័ត៌មានៈ telegraph

មតិយោបល់