ព័ត៌មានបច្ចេកវិទ្យា

Vivo Xplay 7 អាចជាស្មាតហ្វូនបំពាក់បច្ចេកវិទ្យាដែល Apple និង Samsung មិនទាន់ធ្វើបាន មុនដំបូងគេលើលោក

កាលពីចុងខែមិថុនា ក្រុមហ៊ុន Qualcomm និង Vivo បានដឹកដៃគ្នាឡើងលើវេទិកាពិព័រណ៍ WMC នៅសៀងហៃ បង្អួតពិភពលោកពី​បច្ចេកវិទ្យាបន្ទះស្កេនក្រយៅដៃក្រាលក្រោមស្រទាប់កញ្ចក់អេក្រង់ ដែលខ្លួនអាចអភិវឌ្ឍចេញបានសម្រេចមុនដំបូងគេបង្អស់។

ដោយឡែកនៅថ្ងៃម្សិលមិញ ព័ត៌មានក្រៅផ្លូវការមួយត្រូវបានរំលេច​ឡើង ដោយថាក្រុមហ៊ុន Vivo នឹងបំពាក់បច្ចេកវិទ្យាស្គេន ដែលសូម្បីតែក្រុមហ៊ុន Apple និង Samsung មិនទាន់ធ្វើបាននោះ នៅលើកំពូលស្មាតហ្វូនរបស់ខ្លួនត្រកូល Xplay ម៉ូឌែល 7 ឬ X20។

យោងតាមប្រភពដដែល Xplay 7 ក៏នឹងមានភ្ជាប់ផងដែរនូវកាមេរ៉ាដល់ទៅ ៤ គ្រាប់ តែមិនមែន ៣ គ្រាប់នៅខាងក្រោយដូចលោកអ្នកមួយចំនួនមើលច្រឡំជាមួយពិល Flash LED ជំនួយពន្លឺរបស់វានៅចន្លោះកណ្តាល ពោល វានឹងបំពាក់កាមេរ៉ាក្រោយពីរ មុខពីរ។

ក្រៅពីនេះ អេក្រង់ខ្នាត QHD+ របស់វា គឺមានសណ្ឋានកោងត្រង់គែមសងខាង និងមានគែមលើក្រោមតូចដូចជា Galaxy S8+ អីចឹង។ ចំណែកសមាសភាព Hardware ខាងក្នុងវិញ គឺខ្ពស់កប់តែម្តង ដោយវានឹងប្រើបន្ទះឈីប Snapdragon 835 និង RAM ទំហំ ៦/៨ GB។

សម្រាប់កាលបរិច្ឆេទនៃការប្រកាសចេញ គឺមិនទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ ប៉ុន្តែ Xplay 6 ដែលជាជំនាន់មុនរបស់វា ត្រូវបានបើកបង្ហាញជាផ្លូវការនៅចុងឆ្នាំ ២០១៦។ ដូច្នេះ Xplay 7 ត្រូវគេជឿថា នឹងត្រូវបានចាប់បដិ្ឋសន្ធិជាផ្លូវការនៅអំឡុងខែដដែល ក្នុងឆ្នាំ ២០១៧ នេះ។

គួរបញ្ជាក់ថា Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយរបស់ប្រទេសចិន ដែលធ្លាប់ជាក្រុមហ៊ុនលក់ស្មាតហ្វូនឈរនៅក្នុងតារាងកំពូល ៥ របស់ពិភពលោក៕

ប្រភពព័ត៌មានៈ pocketnow

មតិយោបល់