កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងជាផ្លូវការនូវកាលបរិច្ឆេទនៃការបង្ហាញវត្តមាន iPhone ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី ១២ កញ្ញា ប៉ុន្តែ មិនបានគូសបញ្ជាក់ថា វានឹងចេញលក់នៅទីផ្សារនៅថ្ងៃណាឱ្យពិតប្រាកដនោះទេ។
ទោះជាយ៉ាងនេះក្តី បើយោងតាមអ្នកទម្លាយព័ត៌មានម្នាក់ឈ្មោះ Benjamin Geskin បានសរសេរលើទំព័រ Twitter ខ្លួននៅសប្តាហ៍នេះថា ក្រុមហ៊ុន Apple នឹងចែកចាយលក់ទូរសព្ទ iPhone 8 នៅថ្ងៃទី ២២ កញ្ញា។ ពោលគឺក្រោយថ្ងៃប្រកាសចេញផ្លូវការចំនួន ១០ ថ្ងៃ។
ការហ៊ានថ្លែងអះអាងបែបនេះ គឺដោយសារលោក Geskin ទទួលបានប្រភពព័ត៌មានពីក្រុមហ៊ុនបណ្តាញទូរសព្ទចល័តរបស់់ចក្រភពអង់គ្លេសមួយឈ្មោះ O2 ប្រកាសប្រាប់បុគ្គលិករបស់ខ្លួន។
ដោយឡែក បើយោងតាមប្រភពព័ត៌មានពី BGR បានរាយការណ៍កាលពីពេលថ្មីៗនេះថា នៅថ្ងៃទី ១២ កញ្ញា ក្រុមហ៊ុន Apple នឹងប្រកាសចេញទូរសព្ទដៃ ៣ ម៉ូឌែល ហើយម៉ូឌែលនីមួយៗ នឹងបើកឱ្យធ្វើការបញ្ជាទិញទុកមុននៅថ្ងៃសុក្រ ទី១៥ កញ្ញា បន្ទាប់មក Apple នឹងចែកចាយលក់វានៅលើទីផ្សារនៅថ្ងៃទី ២២ កញ្ញា។ នេះប្រសិនបើប្រភពព័ត៌មានដែល Geskin ទទួលបានមកត្រឹមត្រូវ។

គួរបញ្ជាក់ថា តាមទម្លាប់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកតែងរក្សាគ្រោងការបើកបង្ហាញផលិតផលថ្មីៗរបស់ខ្លួនជាការសម្ងាត់។ ប៉ុន្តែ ក្រុមហ៊ុនចាំបាច់ប្រាប់ដៃគូពាក់ព័ន្ធផ្សេងៗ ដូចជាក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត ឱ្យបានដឹងមុន ដើម្បីទុកពេលឱ្យក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនក្នុងការដាក់បញ្ចូលសេវាកម្ម ឬកិច្ចការ ផ្សេងៗសម្រាប់ទូរសព្ទម៉ូឌែលថ្មីៗជូនដល់អតិថិជនឱ្យបានទាន់ពេលវេលា៕
ប្រភពព័ត៌មានៈ foxnews
មតិយោបល់