ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារ ប្រឆាំងមីស៊ីលបន្ថែមទៀត

កូរ៉េៈ ក្រសួងការពារជាតិទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទនេះ បាននិយាយថា ប្រទេសខ្លួន និងសហរដ្ឋអាមេរិក នឹងដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីល (THAAD)​ បន្ថែមទៀត បើទោះបីមានការជំទាស់ពីភាគីចិនយ៉ាងណាក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ការដាក់ពង្រាយប្រព័ន្ធនេះ បានធ្វើទ្បើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរលើកទី០៦ របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យមុន។

សូមជំរាបថា ប្រព័ន្ធ THAAD ចំនួនពីរ ត្រូវបានដាក់ដំណើរការរួចជាស្រេច នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែដោយមានការព្រួយបារម្ភជាសាធារណៈ អំពីផលប៉ះពាល់បរិស្ថាន ដែលអាចកើតមានដោយសារប្រព័ន្ធនេះ ទើបរដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានបង្ខំចិត្តផ្អាកការដំឡើងវាតទៅទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួង បាននិយាយថា ប្រព័ន្ធការពារប្រឆាំងមីស៊ីលចំនួនបួនទៀត នឹងត្រូវបានដាក់ពង្រាយជាបណ្តោះអាសន្ន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់កូរ៉េខាងជើង។

គួរបញ្ជាក់ដែរថា ការដាក់ពង្រាយនេះ បានធ្វើឲ្យប្រទេសចិន មានការខឹងសម្បារយ៉ាងខ្លាំង ដោយលើកទ្បើងថា ប្រព័ន្ធ THAAD នឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ និងបានព្រមានសងសឹកទៅកាន់ទីក្រុងសេអ៊ូលផងដែរ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្រៅផ្លូវការ៕

មតិយោបល់