លោក Lee Jae-yong អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Samsung គ្រុប និងត្រូវជាទាយាទនៃអណាចក្រក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៥ ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានជាប់ពាក់ព័ន្ធទៅលើអំពើសំណូក ពុករលួយ និងកេងបន្លំ ដ៏កក្រើក ដែលបានឈានទៅដល់ការទម្លាក់លោកស្រី Park Geun-hye ចេញពីតំណែងប្រធានាធិបតី។
លោក Lee ត្រូវបានជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងលុយជិត ៤០ លានដុល្លារ ប្រមូលពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung សម្រាប់ផ្តល់ទៅដល់កម្មវិធីមូលនិធិចំនួនពីរ រៀបចំឡើងដោយមនុស្សជំនិតរបស់លោកស្រីអតីតប្រធានាធិបតី Park Geun-hye។
របាយការណ៍កន្លងមកបានចោទប្រកាន់ថា លុយនោះត្រូវបានចំណាយដើម្បីជាថ្នូរនឹងការផ្តល់ការគាំទ្រផ្នែកនយោបាយពីថ្នាក់ដឹកនាំប្រទេស ក្នុងការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនដៃគូពីររបស់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំ ២០១៥។
យ៉ាងណាក៏ដោយ មេធាវីម្នាក់របស់កូនថៅកែក្រុមហ៊ុន Samsung វ័យ ៤៩ ឆ្នាំរូបនេះ បាននិយាយថា ពួកគេនឹងធ្វើការប្តឹងទាស់លើការសម្រេចរបស់តុលាការនេះ និងបានបង្ហាញពីជំនឿចិត្តថា សេចក្តីសម្រេចនោះ នឹងត្រូវលុបចោលវិញជាមិនខាន។
បន្ទាប់ពីសេចក្តីសម្រេចផ្តន្ទាទោសទៅលើអគ្គនាយករងក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងរូបនេះ ត្រូវបានប្រកាសឡើង ភាគហ៊ុនរបស់ក្រុមហ៊ុនក៏ឃើញការធ្លាក់ចុះមួយភាគរយផងដែរ៕
ទាយាទ Samsung គ្រុប អាចនឹងជាប់គុក ១២ ឆ្នាំ ពីបទសូកប៉ាន់ និងផ្សំគំនិត
ប្រភពព័ត៌មានៈReuters
មតិយោបល់