ព័ត៌មានបច្ចេកវិទ្យា

ស្ងាត់ៗ Vivo ចេញស្មាតហ្វូនស៊េរីថ្មីនៅឥណ្ឌា ជាមួយកាមេរ៉ាមុខខ្លាំងកប់

នៅឯព្រឹត្តិការណ៍ជំនួបជាមួយប្រព័ន្ធផ្សព្វផ្សាយនាទីក្រុង Mumbai ប្រទេសឥណ្ឌា ក្រុមហ៊ុន Vivo បានប្រកាសចេញស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ខ្លួនមួយម៉ូឌែលគឺ V7+ ជាមួយការរចនាអេក្រង់គែមស្តើង និងការបំពាក់កាមេរ៉ា មុខរហូតដល់ទំហំ ២៤ MP។

Vivo V7+ ថ្មីនេះ ត្រូវបានផលិតឡើងដោយផ្តោតសំខាន់ទៅលើគុណភាពកាមេរ៉ា ភាពស្តើង និងថ្មកាន់បានយូរ ហើយមានតម្លៃធូរថ្លៃ។ ក្រៅពីសមត្ថភាពកាមេរ៉ាមុខដ៏ខ្លាំង V7+ ប្រើប្រាស់អេក្រង់ FullView ទំហំ ៥.៩៩ អីុញ គែមជុំវិញស្តើងមិនចាញ់ Samsung Galaxy S8 ឬ LG V30 ឡើយ។ ប៉ុន្តែ ដោយសារតែវាផលិតឡើងអ្នកដែលមានកម្រិតជីវភាពមធ្យម ដូច្នេះខ្នាតបញ្ចាំងរូបភាពរបស់វាគឺមានត្រឹមតែ HD ឬ 720p ប៉ុណ្ណោះ។

ដោយឡែក កាមេរ៉ាក្រោយគឺមានទំហំត្រឹម ១៦ MP ប្រើបន្ទះឈីប Snapdragon 450 (ស៊ីថាមពលកាន់តែតិច និងដើរកាន់តែលឿនធៀបនឹងជំនាន់មុនរបស់វា) អមដោយ RAM ទំហំ ៤ GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ ៦៤ GB ហើយដើរដោយថាមពលថ្ម ៣២២៥ mAh។

មិនតែប៉ុណ្ណោះ Vivo ក៏បានដាក់បន្ថែមបច្ចេកវិទ្យាថតសម្គាល់ផ្ទៃមុខជាមួយមុខងារ Face Access បូកបន្ថែមមុខងារថតរូបស្អាត Face Beauty 7.0 មុខងារ Portrait Mode និង Panorama សម្រាប់កាមេរ៉ាមុខផងដែរ។

គួររំឭកថា Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដំបូងគេដែលមានដំឡើងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា ហើយរោងចក្រនោះ បានផលិតទូរសព្ទចេញដើម្បីលក់ក្នុងតំបន់បានជាងមួយលានគ្រឿងហើយ។

ទូរសព្ទ Vivo V7+ នឹងមានលក់នៅលើទីផ្សារនៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១៥ កញ្ញា ជាមួយតម្លៃប្រមាណ ៣៥៤ ដុល្លារ (តម្លៃបរទេស)។ ក្រុមហ៊ុនមួយនេះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះ យើងសង្ឃឹមថា ក្រុមហ៊ុននឹងនាំវាមកចែកចាយក្នុងទីផ្សាររបស់កម្ពុជាឆាប់ៗនេះ៕

ប្រភពព័ត៌មានៈ androidauthority

មតិយោបល់