ដូច្នេះ តើស្មាតហ្វូនម៉ូឌែលណាទៅដែលបំពាក់អេក្រង់គ្មានស៊ុមពិតប្រាកដ?
កន្លងមកទូរសព្ទដៃ Samsung Galaxy S8 ឬ LG V30 តែងត្រូវបានគេហៅថាជាស្មាតហ្វូនបំពាក់អេក្រង់គ្មានស៊ុម (bezel-less display)។ ប៉ុន្តែ បើពិនិត្យឱ្យមែនទែនទៅ គឺមិនដូច្នោះទេ ដោយសារតែអេក្រង់ស្មាតហ្វូនទាំងពីរស៊េរី មានបន្សល់នូវគែមសងខាងប្រហែលមួយមីល្លីម៉ែត្រទៀត។
យោងតាមរូបភាពថ្មីមួយ ដែលត្រូវបានតម្លាយឱ្យឃើញនៅលើបណ្តាញសង្គម Weibo របស់ចិន ថ្ងៃម្សិលមិញបានឱ្យដឹងថា ទូរសព្ទដៃដែលបំពាក់អេក្រង់គ្មានស៊ុមពិតប្រាកដ អាចនឹងជាកំពូលស្មាតហ្វូនម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Meizu។
តាមរយៈរូបភាពបែកធ្លាយនោះ ស្មាតហ្វូនម៉ាក់ Meizu នោះ មានឈ្មោះថា mblu ZERO ហើយវាបីដូចជារូបភាពបែបពញ្ញាក់អារម្មណ៍ចេញដោយក្រុមហ៊ុន មុនថ្ងៃប្រកាសចេញជាផ្លូវការដែលខិតជិតចូលមកដល់អីចឹង ដោយវាប្រើប្រាស់នូវពុម្ពអក្សរដូចគ្នាទៅនឹងពុម្ពអក្សរដែលក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ ប្រើកន្លងមក។
ម្យ៉ាងទៀត វាថែមទាំងភ្ជាប់មកជាមួយពាក្យស្លោកមួយឃ្លាថា New Display World ឬប្រែថា ពិភពអេក្រង់ថ្មី។ អ្នកទម្លាយរូបទៀតសោត ក៏បានប្រាប់ពីតម្លៃសក្តានុពលរបស់វាផងដែរ គឺប្រមាណ ៦២០ ដុល្លារ (តម្លៃបរទេស)។
ទោះយ៉ាងណា ទាំងនេះគឺមិនមែនជាព័ត៌មានផ្លូវការនោះទេ ប៉ុន្តែ បើវាជាការពិតមែននោះ Meizu អាចនឹងជាប់ឈ្មោះជាក្រុមហ៊ុនផលិតស្មាតហ្វូនបំពាក់អេក្រង់គ្មានស៊ុមពិតប្រាកដមុនដំបូងគេជាមិនខាន៕
ប្រភពព័ត៌មានៈ Weibo, The Android Soul
មតិយោបល់