ព័ត៌មានបច្ចេកវិទ្យា

Facebook នឹងបើកឱ្យអ្នកប្រើប្រាស់ «ដោតទង់សម្គាល់» ព័ត៌មានក្លែងក្លាយ និងបោកប្រាស់

បន្ទាប់ពីរងការចោទប្រកាន់ថា បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កំពុងក្លាយជាឧបករណ៍ផ្សព្វផ្សាយ និងចែកចាយព័ត៌មានប្រឌិត ដែលបានជះឥទ្ធិពលយ៉ាងធំធេងទៅដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីសប្តាហ៍មុន លោក Mark Zuckerberg បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា លោកនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ «ដោតទង់សម្គាល់» លើព័ត៌មានទាំងឡាយណាដែលភូតកុហក និងបំភ្លៃការពិត។

នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមធំបំផុតរូបនេះ បានអះអាងថា ៩៩ភាគរយ នៃអ្វីៗដែលអ្នកប្រើប្រាស់ឃើញ គឺមានភាពត្រឹមត្រូវពិតប្រាកដ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាព័ត៌មានក្លែងក្លាយ និងបោកប្រាស់។ ទោះយ៉ាងណាលោកថា ក្រុមហ៊ុននឹងចាត់វិធានការទៅលើបញ្ហានេះ តាមរយ:ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើជាអាជ្ញាកណ្តាល ចូលរួមក្នុងការសម្រេចទៅលើព័ត៌មានណាដែលពិត និងព័ត៌មានណាដែលមិនពិត ហើយការងារនេះ ទាមទារឱ្យមានកិច្ចខំប្រឹងប្រែងបន្ថែមទៀត មុននឹងអាចសម្រេចទៅបាន។

លោក Mark បន្ថែមថា «ខ្ញុំមានទំនុកចិត្តថានឹងអាចស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហានេះនៅក្នុងសហគមន៍របស់យើង តាមរយ:ការធ្វើយ៉ាងណាឱ្យពួកយើងដឹងថា មាតិកាព័ត៌មានណាដែលផ្តល់ខ្លឹមសារត្រឹមត្រូវល្អបំផុត ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការ ដែលក្លាយខ្លួនជាអាជ្ញាកណ្តាលកាត់សេចក្តីអំពីការពិតដោយខ្លួនរបស់យើងនោះ»

សូមបញ្ជាក់ថា បច្ចុប្បន្នក៏មានដែរ គេហទំព័រមួយចំនួនដូចជា Snopes និង PolitiFact ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀតផ្ទាត់ដោយសុក្រិតចំពោះភាពត្រឹមត្រូវនៃប្រភពព័ត៌មានផ្សេងៗ៕ ប្រភពព័ត៌មាន៖ theverge, forbes

photo_2016-11-14_15-12-39

មតិយោបល់