ព័ត៌មានបច្ចេកវិទ្យា

អាចមានអ្នកខកចិត្តមិនស្ទើរទេ ពេលដឹងថាខ្លួនត្រូវចាំ iPhone X រហូតដល់ឆ្នាំ ២០១៨

យោងតាមរបាយការណ៍កន្លងមក ក្រុមហ៊ុន Apple នឹងត្រូវប្រឈមកង្វះខាតក្នុងការផ្គត់ផ្គង់​ iPhone X តាមតម្រូវការទីផ្សារ ហើយបញ្ហានេះ ប្រហែលជាកាន់តែធ្ងន់ធ្ងរ នឹកស្មានមិនដល់ជាងនេះទៅទៀត។

មែនទែនទៅ ក្រុមហ៊ុនផលិតទូរសព្ទដៃអាមេរិក បានបើកឱ្យអតិថិជនកម្ម៉ង់ទិញ iPhone X មុន ចាប់ពីថ្ងៃទី ២៧ តុលា ហើយពួកគេត្រូវចាំដល់ថ្ងៃទី ៣​ វិច្ឆិកា ទើបអាចទទួលបានទូរសព្ទមកប្រើក្នុងដៃ។

ប៉ុន្តែ ប្រសិនបើលោកអ្នកខកខានមិនបានកក់ទុកមុន ឬមិនហ៊ានលះបង់ខ្លួនដេកចាំមុខហាង Apple ដើម្បីមានសំណាងបាន iPhone X ប្រើមុនគេទេនោះ អ្នកប្រហែលជាត្រូវរងចាំរហូតដល់ឆ្នាំក្រោយហើយ។

នៅក្នុងរបាយការណ៍ចុងក្រោយមួយ ពីអ្នកវិភាគទីផ្សារស្មាតហ្វូនដ៏ល្បីល្បាញមកពីក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo អះអាងថា ក្រុមហ៊ុន Apple នឹងចែកចាយលក់ស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនលើទីផ្សារ​តិចជាងស្មាតហ្វូនផ្សេងៗ ដោយសារតែឧបសគ្គលើការផ្គត់ផ្គង់។

លោករំពឹងថា ក្រុមហ៊ុន Apple នឹងមិនអាចបំពេញតម្រូវការទីផ្សារគ្រប់គ្រាន់ឡើយ នៅមុនឆមាសទីមួយឆ្នាំ ២០១៨។

លោក Kuo បន្ថែមថា នៅមានហេតុផលមួយទៀតដែលនាំឱ្យ Apple ចែកចាយលក់ iPhone X យឺតជាង iPhone ដទៃគឺ ដោយសារតែក្រុមហ៊ុនមិនចង់ឱ្យវា ទាញយកអតិថិជន iPhone 8 ឬ iPhone 8 Plus។

មួយវិញទៀត iPhone ដែលមានអេក្រង់ស្ទើរគ្មានគែមនេះ ប្រើប្រាស់នូវកញ្ចក់អេក្រង់ OLED ផលិតដោយក្រុមហ៊ុន Samsung Displays ដែលចង្វាក់ផលិតកម្មរបស់វានៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយកញ្ចក់ LCD ខណៈខ្លួនកំពុងសំឡឹងរក LG ដើម្បីជួយ៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់