ក្រុមហ៊ុន Apple បានប្រកាសចេញនូវទូរសព្ទដៃ iPhone ដល់ទៅ ៣ ម៉ូឌែល កាលពីថ្ងៃទី ១២ កញ្ញាកន្លងទៅនេះ។ ក្នុងនោះ iPhone 8 គឺជាម៉ូឌែលដែលមានសមត្ថភាពទាបជាងគេ បើធៀបជាមួយម៉ូឌែលពីរផ្សេងទៀតគឺ iPhone 8 និង iPhone X ខណៈតម្លៃរបស់វាក៏ទាបជាងគេផងដែរ។ ក្នុងនោះ ប្រសិនបើ iPhone 8 ឋិតក្នុងជម្រើសរបស់លោកអ្នក សូមថ្លឹងថ្លែងចំណុចល្អ និងអន់បំផុតរបស់វាខាងក្រោមនេះជាមុនសិនទៅ៖
ចំណុចល្អបំផុតរបស់ iPhone 8
១- បច្ចេកវិទ្យាសាកថ្មឥតខ្សែ
ទីបំផុតទៅ Apple បានដាច់ចិត្តនាំយកបច្ចេកវិទ្យាសាកថ្មឥតខ្សែមកកាន់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីស្មាតហ្វូនរបស់គូប្រជែងគឺ Samsung មានវាច្រើនឆ្នាំ។ បច្ចេកវិទ្យានេះ ក៏នាំមកនូវការផ្លាស់ប្តូរវត្ថុធាតុផ្សំនៃសម្បកខាងក្រោយរបស់ iPhone ផងដែរ ខណៈចរន្តអគ្គិសនីមិនអាចផ្ទេរចូលថ្មទូរសព្ទខាងក្នុងតាមបន្ទះលោហៈធម្មតាបាន។ ដូច្នេះ ទើប iPhone ស៊េរីចុងក្រោយ ស្រោបដោយសម្បកកញ្ចក់ ជំនួសឱ្យសម្បកលោហៈដែលប្រើលើម៉ូឌែលមុនៗ។
២- បំពាក់បន្ទះឈីប A11 Bionic
បន្ទះឈីបដែលរចនាឡើងដោយក្រុមហ៊ុន Apple តែងមានប្រតិបត្តិការលឿន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយ A11 Bionic Chip វាកាន់តែលឿនជាងមុន ហើយបានឈានដល់កម្រិតល្បឿនមួយឈ្នះដាច់គូប្រជែងក្នុងទីផ្សារ រាប់បញ្ចូលទាំង Galaxy Note 8 ផងដែរ។ ចំណុចខ្លាំងផ្នែក Hardware មួយនេះ ជួយឱ្យ iPhone 8 អាចដំណើរការកម្មវិធី-ហ្គេមធំៗ ឬក៏មុខងារដែលប្រើប្រាស់បច្ចេកវិទ្យារូបភាព AR (Augmented Reality) បានយ៉ាងរលូត។
៣- កាមេរ៉ា
iPhone 8 បំពាក់កាមេរ៉ាថ្មីទំហំ ១២ មេហ្គាភិចសែល ប្រើ Aperture ទំហំ f/1.8 ដែលមានសមត្ថភាពចាប់យករូបភាពកាន់តែច្បាស់ ទោះក្នុងទីដែលមានស្ថានភាពពន្លឺខ្សោយ។ វាដូចទៅនឹង iPhone 8+ និង iPhone X អីចឹងដែរ ដោយគ្រាន់តែ iPhone ទាំងពីរនេះ មានកាមេរ៉ាភ្លោះ ហើយម៉ូឌែល X មានមុខងារសម្រាប់ការថតរូបបែប Portrait ច្រើន និងសម្បូរបែបជាងប៉ុណ្ណោះ។
៤- អេក្រង់ True Tone
ទូរសព្ទដៃ iPhone ស៊េរីឆ្នាំ ២០១៧ ទាំងបីម៉ូឌែល សុទ្ធតែបំពាក់អេក្រង់ដែលក្រុមហ៊ុនឱ្យឈ្មោះថា True Tone Display ដើម្បីសបញ្ជាក់ថា វាអាចសម្របខ្លួនជាមួយស្ថានភាព ឬលក្ខខណ្ឌពន្លឺនៅជុំវិញ ហើយអាចរក្សាតុល្យភាពពណ៌ និងពន្លឺលើអេក្រង់ទៅតាមស្ថានភាពខាងក្រៅជាក់ស្តែង ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នកប្រើប្រាស់ឱ្យនៅកាន់តែតិច។
ចំណុចអន់បំផុត
១- កាមេរ៉ាមួយ
នេះគឺជាលក្ខណៈសម្បត្តិគួរឱ្យសោកស្តាយមួយរបស់ iPhone ស៊េរីថ្មីដែលមានតម្លៃចាប់ពី ៧៧៥ ដុល្លារនេះ ខណៈបងប្អូនទាំងពីររបស់វា ប្រើសុទ្ធតែកាមេរ៉ាភ្លោះ ប៉ុន្តែ តម្លៃកាន់តែខ្ពស់ផងដែរ។ កាមេរ៉ាតែមួយដូច្នេះ គឺនាំឱ្យសមត្ថភាពចាប់យករូបភាពបែបព្រាលក្រោយ និងច្បាស់មុខដ៏ពេញនិយម នៅមានកម្រិត ហើយសមត្ថភាពថតរូបភាពបែប Portrait ក៏មិនសម្បូរបែបនោះដែរ។
២- ខ្នាតបញ្ចាំងរូបភាពរបស់អេក្រង់
បើប្រៀបធៀបជាមួយ Galaxy Note 8 ខ្នាតបញ្ចាំងរូបភាពលើអេក្រង់របស់ iPhone 8 មានកម្រិតទាបជាងឆ្ងាយណាស់។ ពោលគឺ វាមានត្រឹមតែ ៧៥០ x ១៣៣៤ ភិចសែល ប៉ុណ្ណោះ ខណៈ Note 8 មានរហូតដល់ ១៤៤០ x ២៩៦០ ភិចសែល ឯណោះ បើទោះបីជាអេក្រង់របស់វារឹងមាំក៏ដោយ។
៣- ថាមពលថ្ម
iPhone 8 ភ្ជាប់មកជាមួយថ្មដែលមានថាមពលត្រឹមតែ ១៨២១ មីល្លីអំពែរប៉ុណ្ណោះ ហើយនេះ គឺទាបជាង iPhone 7 ដែលបំពាក់ថ្មថាមពល ១៩៦០ មីល្លីអំពេរទៅទៀត។ ចំពោះរយៈពេលដែលវាអាចទ្រទ្រង់ការប្រើប្រាស់បានយូរប៉ុណ្ណា បន្ទាប់ពីសាកបំពេញរួច គឺពុំទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ អ្នកប្រើប្រាស់ច្បាស់ជាត្រូវការសាកបញ្ចូលថ្មជារៀងរាល់ថ្ងៃជាមិនខាន។
៤- ការរចនា
រូបរាងរបស់ iPhone 8 គឺស្ទើរតែដូចទៅនឹង iPhone 7, 6, និង 6s ទាំងស្រុងទៅហើយ។ អ្វីដែលខុសគ្នានោះគឺ មានតែវត្ថុធាតុដែលយកទៅផលិតសម្បកខាងក្រោយដើម្បីឱ្យអាចសាកបញ្ចូលថ្មតាមបច្ចេកវិទ្យាឥតខ្សែប៉ុណ្ណោះ៕
iPhone ស៊េរីថ្មី ទាំង ៣ ម៉ូឌែល ដាក់ផ្ទឹមលក្ខណៈសម្បត្តិនឹងគ្នាម្តងមើល! ម៉េចដែរ?
ប្រភពព័ត៌មានៈ blastingnews
មតិយោបល់