ក្រោយពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីបញ្ហាដែលកើតមានឡើងនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ខ្លួនដែលទើបដាក់ចេញឱ្យអតិថិជនទាញយកទៅប្រើប្រាស់សប្តាហ៍មុន ស្រាប់តែនៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានចេញនូវកំណែលើកដំបូងរបស់វា ដោយឡើងដល់ iOS 11.0.1 សម្រាប់ឱ្យគ្រប់គ្នាទាញយក។
យោងតាមកំណត់សម្គាល់ភ្ជាប់នៅពេលធ្វើកំណែឡើង បានឱ្យដឹងថា iOS 11.0.1 ត្រូវបានដាក់ចេញដើម្បីដោះស្រាយនូវកំហុសឆ្គងផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវដំណើរការរបស់វាសម្រាប់ទាំង iPhone និង iPad។ ដោយឡែក ទោះបីជាវាមិនមែនជាកំណែធំដំក៏ដោយចុះ តែលោកអ្នកគួរតែទាញយក និងដំឡើងវាប្រើទៅ ព្រោះទោះតិចឬច្រើន វានឹងជួយឱ្យដំណើរការរបស់ទូរសព្ទមានភាពប្រសើរ និងរលូនជាងមុនជាមិនខាន។
ដើម្បីធ្វើការ Update សូមលោកអ្នកចូលទៅកាន់កម្មវិធី Settings -> General -> Software Update។ ក្នុងករណី iPhone ឬ iPad របស់លោកអ្នកកំពុងដើរលើប្រព័ន្ធ iOS 11 Beta (ជំនាន់សាកល្បង) លោកអ្នកត្រូវចូលទៅលុប Profile iOS 11 Beta នៅក្នុង Settings ជាមុនសិន បន្ទាប់មក បិទបើកទូរសព្ទ នោះទើបអាចធ្វើការ Update ឡើងជំនាន់ចុងក្រោយនេះបាន៕
មតិយោបល់