ព័ត៌មានបច្ចេកវិទ្យា

ងាយៗ! វិធីចែកចាយអិុនធើណែត 4G/ 3G ពី iPhone ទៅកុំព្យូទ័រយួរដៃ និងស្មាតហ្វូន

ការចែកចាយអិុនធើណែត 4G/3G ពីទូរសព្ទ iPhone ទៅកាន់កុំព្យូទ័រយួរដៃ ឬស្មាតហ្វូនដទៃ គឺមានសារ​សំខាន់​ណាស់ចំពោះអ្នកប្រើប្រាស់ ជាពិសេស ក្នុងកាលៈទេសៈ ឬទីកន្លែងដែលគ្មានប្រព័ន្ធ Wi-Fi។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិត iPhone ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀតដែរ គឺបានបង្កើតមុខងារ Personal Hotspot មួយឡើង ដែលអ្នកប្រើប្រាស់មួយចំនួនអាចនឹងមើលរំលងអត្ថប្រយោជន៍របស់វា។ ដូច្នេះ Post Tech សូមលើកយកមកបង្ហាញជូនប្រិយមិត្តពីរបៀបភ្ជាប់វាពី iPhone ទៅកុំព្យូទ័រយួរដៃ និងស្មាតហ្វូនប្រភេទផ្សេងៗ ឱ្យបានជ្រាបដូចតទៅ៖

១- បើកមុខងារ Personal Hotspot លើ iPhone របស់លោកអ្នក

  • ជាដំបូង សូមបើកប្រព័ន្ធ 4G/ 3G និង Wi-Fi លើទូរសព្ទរបស់លោកអ្នក រួចចូលទៅកាន់កម្មវិធី Settings -> Personal Hotspot
  • បន្ទាប់មក ចុចកុងតាក់បើកមុខងារ Wi-Fi Password រួចបញ្ចូលលេខកូដសម្ងាត់ចំនួន ៩ ខ្ទង ដោយមានលេខ និងអក្សរ (លោកអ្នកអាចប្រើលេខសម្ងាត់ចៃដន្យដែលមុខងារនេះផ្តល់ឱ្យដោយស្វ័យប្រវត្តិបាន)
  • បន្ទាប់មកទៀត សូមចុចកុងតាក់បើកមុខងារ Personal Hotspot ដែលឋិតនៅខាងលើនៃផ្ទាំងកម្មវិធី Settings។

– ភ្ជាប់ Hotspot ទៅប្រើលើកុំព្យូទ័រយួរដៃ

  • បន្ទាប់ពីអនុវត្តចំណុចទី១ រួចរាល់ហើយ​ នៅលើកុំព្យូទ័រយួរដៃរបស់លោកអ្នក សូមចុចបើកមុខងារ Wi-Fi និង Bluetooth បន្ទាប់មក លោកអ្នកនឹងឃើញសញ្ញា Wi-Fi មួយដែលមានឈ្មោះទូរសព្ទ iPhone របស់លោកអ្នក
  • សូមចុចលើវា ហើយវាយបញ្ចូលលេខកូដសម្ងាត់ចំនួន ៩ ខ្ទង់ដែលលោកអ្នកបានកំណត់ ភ្លាមៗនោះ កុំព្យូទ័ររបស់លោកអ្នកនឹងមានអិុនធើណែតប្រើជាមិនខាន។

បញ្ជាក់៖ ការចែកចាយអិុនធើណែត 4G/3G ពីទូរសព្ទតាមមុខងារ Personal Hotspot ទៅកុំព្យូទ័រ គឺវាស៊ីកញ្ចប់ទិន្នន័យខ្លាំងណាស់ ព្រោះផ្ទាំងកម្មវិធីប្រើប្រាស់នៅលើកុំព្យូទ័រ វាត្រូវការទិន្នន័យធំ។ ដូច្នេះ បើសិនកញ្ចាប់ទិន្នន័យអិុនធើណែត 4G/3G មានកម្រិត លោកអ្នកគួរតែប្រើនៅពេលណាដែលចាំបាច់បំផុតទៅបានហើយ។

– ភ្ជាប់ Hotspot ទៅប្រើលើទូរសព្ទដៃស្មាតហ្វូន ឬថេប្លេត

ចំពោះរបៀបភ្ជាប់នេះ ក៏មិនខុសពីវិធីភ្ជាប់នៅលើកុំព្យូទ័រនោះទេ ពោលគឺ លោកអ្នកគ្រាន់តែបើកប្រព័ន្ធ Wi-Fi និង Bluetooth រួចវាយបញ្ចូលលេខកូដសម្ងាត់ដែលបានកំណត់ គឺជាការស្រេច៕

មតិយោបល់